(រតនគិរី)៖ លោក ងិន ណែល អភិបាលរងខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ត្រីជំនាញសាលាខេត្តរតនគិរី បានចុះត្រួតពិនិត្យវាយតម្លៃ បញ្ចប់សុពលភាព គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២ ចំនួន០៦គម្រោង ក្នុងក្រុងបានលុង។

បើតាមមន្ត្រីជំនាញ ដែលត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២ ប្រាប់ឲ្យដឹងថា គម្រោងចំនួន០៦មានដូចជា៖

*ទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង៣៨០ម៉ែត្រ ទទឹង០៧ម៉ែត្រ ចិញ្ចើមបេតុងអាមេ០.៥ម៉ែត្រសងខាង និងកប់លូមូលបេតុងអាមេ លើកំណាត់ផ្លូវក្រុងលេខ៣៥ ស្ថិតក្នុងសង្កាត់បឹងកន្សែង ជូនរដ្ឋបាលខេត្តរតនគិរី។

*ទី២៖ ការងារស្ថាបនាផ្លូវក្រុងលេខលេខ៦២ ចាប់ពីកែងផ្លូវក្រុងលេខ៣៩ ទៅកែងផ្លូវក្រុងលេខ៣៣ (ជំហ៊ានទី២ និងទី៣) និងការងារកប់លូមូលបេតុងអាមេ បណ្តោយផ្លូវក្រុងលេខ១០៩ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុងជូនរដ្ឋបាលខេត្តរតនគិរី។

*ទី៣៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST លើកំណាត់ផ្លូវក្រុងលេខ២៨ ពីកែងផ្លូវក្រុងលេខ៦២ ដល់កែងផ្លូវក្រុងលេខ៥០ មានប្រវែង៦៨៥ម៉ែត្រ ទទឹង៩ម៉ែត្រ និង១២ម៉ែត្រ ទំហំសរុប២,៨៨៧ម៉ែត្រការ៉េ ស្ថិតក្នុងក្រុងបានលុង ជូនរដ្ឋបាលខេត្តរតនគិរី។

*ទី៤៖ ការងារស្ថាបនាក្រាលបេតុងអាមេ ទំហំសរុប១២,១១០ម៉ែត្រការ៉េ កម្រាស់០.១៥ម៉ែត្រ កប់លូមូលបេតុងអាមេបណ្តោយផ្លូវ និងរៀបស្នូរបេតុងចិញ្ចើមផ្លូវក្រុងលេខ៤១, លេខ៤៣, លេខ៦៦ និងលេខ២៧ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង និងស្ថាបនាផ្លូវក្រាលបេតុងអាមេ លើកំណាត់ផ្លូវជុំវិញបឹងកន្សែង ក្រុងបានលុង ជូនរដ្ឋបាលខេត្តរតនគិរី។

លោក ងិន ណែល អភិបាលរងខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃដដែលនេះថា បន្ទាប់ពីក្រុមការងារ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២ ចំនួន០៦គម្រោង ក្នុងក្រុងបានលុងរួចមក ឃើញថាទាំងបច្ចេកទេស និងគុណភាពផ្លូវ គឺទទួលយកបាន៕