(កោះកុង)៖ លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្ត នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ លេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យចងក្រងសមាជិក ភូមិមួយផលិតផលមួយ ក្នុងខេត្តកោះកុងផលិតអំបិល នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
លោក អន សុធារិទ្ធ បានលើកឡើងថា ការចុះពិនិត្យចងក្រងសមាជិកភូមិមួយផលិតផលមួយនេះ គឺដើម្បីបើកឱកាសឲ្យផលិតករ អាជីវករ សិប្បករ សមាគម សហគមន៍ អាចមានលទ្ធភាពដាក់ពាក្យស្នើសុំបន្ត និងទទួលបានផលិតផលចូលជាសមាជិក ភូមិមួយផលិតផលមួយថ្មីៗបន្ថែមទៀត សម្រាប់ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងមកនេះ ផលិតផលរបស់ខេត្តកោះកុង ចំនួន៤៤មុខ ត្រូវបានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលទទួលស្គាល់ ជាផលិតផលភូមិមួយផលិតផលមួយ ខេត្តកោះកុង និងទទួលបានលំដាប់ថ្នាក់ទី៣ ទូទាំងប្រទេស ក្នុងការចងក្រងសមាជិកភូមិមួយផលិតផលមួយ។
ទន្ទឹមគ្នានេះ លោក អន សុធារិទ្ធ សូមឲ្យប្រជាពលរដ្ឋផលិតអំបិលធម្មជាតិឲ្យច្រើន ដើម្បីតម្រូវទៅតាមទីផ្សារ ការផលិតអំបិលរបស់បងប្អូនគឺធម្មជាតិពិតៗ ហើយមានអនាម័យខ្ពស់ ដែលយើងអាចទទួលយកពីគុណភាព។ អំបិលគឺជាគ្រឿងបរិភោគ ដែលមានរស់ជាតិប្រៃ ហើយមនុស្សគ្រប់រូបតែងតែត្រូវការគ្រប់គ្នា មិនអាចបោះបង់ចោលបានឡើយ៕