(ភ្នំពេញ)៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង រៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការប្រមូលធាតុចូល និងការរៀបចំដំណើរប្រព្រឹត្តិទៅនៃកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះ។

ក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ហើយបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសគំរូមួយ លើសកលលោកផ្នែកសកម្មភាពមីន។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការវាយតម្លៃខ្ពស់របស់រដ្ឋភាគី១៦៤ប្រទេស សហគមន៍អន្តរជាតិ និងការទទួលបានសិទ្ធិ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ពិតជាបានឆ្លុះបញ្ចាំង អំពីកិច្ចខិតខំប្រឹងប្រែង រួមរវាងរដ្ឋាភិបាល រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។

គណៈប្រតិភូជុំវិញពិភពលោក នឹងមកកាន់កម្ពុជា ដែលវានឹងចូលរួមចំណែក ឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងសកម្មភាពមីននៅកម្ពុជា ក៏ដូចជានឹងផ្តល់ឱកាសឲ្យកម្ពុជា ផ្សព្វផ្សាយពីផលវិជ្ជមាន ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងវប្បធម៌របស់ខ្លួនទៅកាន់ពិភពលោក។

ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងលោក លី ធុជ បានណែនាំឲ្យអនុគណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលបដិសណ្ឋារកិច្ច និងការពារសុខសុវត្ថិភាពជូនដល់គណៈប្រតិភូ និងចេះទាញយកនូវផលប្រយោជន៍ពីកិច្ចប្រជុំកំពូលនេះ សម្រាប់ប្រទេសជាតិ៕