(ភ្នំពេញ)៖ បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបាញ់ឆ្ពោះត្រង់មកកាន់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយត្រូវផ្ដើមពីដើមអាណត្តិទី៧នេះតែម្ដង ដើម្បីឲ្យក្រសួងត្រូវទទួលខុសត្រូវលើការងារពង្រឹងប្រព័ន្ធយុត្តិធម៌នៅក្នុងសង្គមជាតិ ព្រោះថាសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ចង់បាននូវភាពយុត្តិធម៌ត្រឹមត្រូវពិតប្រាកដនៅក្នុងសង្គមមួយនេះ។

ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដែលជាអ្នកទទួលខុសត្រូវ ក្នុងការអនុវត្តនូវបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ទិសដៅការងារអាទិភាពចំនួន៣ ដែលសម្ដេចទម្លាក់មកឲ្យក្រសួងយុត្តិធម៌ត្រូវអនុវត្ត នោះរួមមាន៖

*ទី១៖ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទ ឲ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
*ទី២៖ ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការឲ្យបានឆាប់រហ័ស សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ
*ទី៣៖ ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្ដីដោយតុលាការ។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ គូសបញ្ជាក់ថា តាមរយៈទិសដៅការងារអាទិភាព៣នេះ ប្រៀបទៅដៃទាំងពីរ ពោលម្ខាងកែទម្រង់ប្រព័ន្ធតុលាការ ហើយដៃម្ខាងទៀត ខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឲ្យសំណុំរឿងគរច្រើនពេកនៅតុលាការ។ លោកបន្ដថា ករណីសំណុំរឿងកើនច្រើនៅតុលាការ នោះច្បាស់ណាស់នឹងប៉ះពាល់ដល់គុណភាពនៃការអនុវត្ត។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ដែលជាអ្នកទ្រនូវបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «កិច្ចការអាទិភាពទាំង៣ របស់សម្ដេចមហាបវរធិបតី សម្រាប់យើងខ្ញុំនៅក្នុងវិស័យយុត្តិធម៌ ឬក្រសួងយុត្តិធម៌ ចាត់ទុកថានេះគឺជាបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហើយបើបទបញ្ជាដ៏ខ្ពង់ខ្ពស់យើងត្រូវយកចិត្តទុកដាក់ និងការទទួលខុសត្រូវដើម្បីសម្រេចកិច្ចការងារនេះ ដូច្នេះដើម្បីធ្វើការងារនេះបានសម្រេចអត់មានជម្រើសអ្វីក្រៅពីដាក់ចេញនូវយុទ្ធនាការនោះទេ។ អ្វីដែលសម្ដេចមហាបវរធិបតី ចង់បានគឺយុត្តិធម៌នៅក្នុងសង្គមជាតិ»។

ក្នុងន័យនេះ លោក កើត រិទ្ធ បានអះអាងថា ទាំងសេវាយុត្តិធម៌ ក៏ត្រូវបានលើកកម្ពស់ឲ្យប្រសើរឡើង ខណៈគុណភាពត្រូវបានត្រួតពិនិត្យឡើងវិញ។ លោកបន្ថែមថា តាមរយៈយុទ្ធនាការទី២ ប្រជាពលរដ្ឋដែលទទួលរងនូវអំពើអយុត្តិធម៌ ឬការរំលោភបំពានដោយខុសច្បាប់ មានច្រកផ្លូវការមួយដើម្បីប្ដឹងសុំកិច្ចអន្ដរាគមន៍ពីក្រសួងយុត្តិធម៌។

បើតាមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ, អភិក្រមក្នុងការដឹកនាំយុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌ក្នុងការដឹកនាំយុទ្ធនាការទាំង២នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការ នឹងប្រកាន់ខ្ជាប់នូវអភិក្រម ចំនួន២គឺ៖ ទី១៖ អភិក្រមដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការងារកែទម្រង់ និងទី២៖ អភិក្រមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ការពង្រឹងអភិបាលកិច្ច។

* អភិក្រម៤ចំណុចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលថ្លែងថា «គ្មានការកែទម្រង់ណា មួយដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗ ចំនួន៤គឺ ១៖ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ២៖ ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ៣៖ ត្រូវមានការចូលរួមដោយស្មោះត្រង់ និង៤៖ ត្រូវមានការលះបង់»។

* អភិក្រម៥ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

លោកបានសង្កត់ធ្ងន់ថា ការលះបង់ និងការវះកាត់ គឺធ្វើឡើងតាមរយៈការអនុវត្ត វិធានការវិន័យតឹងរឹង និងការអនុវត្តវិធានការ ច្បាប់ម៉ឺងម៉ាត់ ចំពោះចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីតុលាការ ព្រមទាំងតួអង្គពាក់ព័ន្ធ ទាំងអស់។ ក្នុងករណីបុគ្គលដែលបានប្រព្រឹត្តខុសច្បាប់ ឬដែលបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀប «ត្រីងៀតឆ្លៀតពង» នឹងត្រូវកត់ត្រាទុកជាកំហុស ដែលត្រូវឆ្លើយតប យ៉ាងម៉ឺងម៉ាត់ជាមួយនឹងការទទួលខុសត្រូវ ទាំងផ្នែកវិជ្ជាជីវៈ ទាំងផ្នែកផ្លូវច្បាប់ ជាពិសេស អភិក្រមទី៥ «វះកាត់» របស់សម្ដេចតេជោ ហ៊ុន សែន និងអភិក្រមទី៤ «លះបង់» របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕