(សៀមរាប)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ច ដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ជាធាតុចូលក្នុងការផ្តល់ដំណោះស្រាយសមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត ជូនប្រជាពលរដ្ឋ។

ពិធីនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិល លោកអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អភិបាលរងខេត្តសៀមរាប និងបណ្ដាថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលជាសមាជិកក្រុមការងារចំពោះកិច្ច និងដោយមានការទទួលស្វាគមន៍ពីលោកអគ្គនាយករងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI)។

សូមជម្រាបថា យោងតាមស្មារតីនៃកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីការចុះពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គររួចរាល់ ក្រុមការងារចំពោះកិច្ចបានជួបជជែកជាមួយក្រុមហ៊ុន AIAI ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របរួមមួយជូនប្រជាពលរដ្ឋ៕