(ក្រចេះ)៖ អយ្យការអមសាលាដំបូងខេត្តក្រចេះ បានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញការចោទប្រកាន់មកលើព្រះរាជអាជ្ញារង សោម វុទ្ធី ថា ជាម្ចាស់រថយន្ដដឹកឈើ ដែលកម្លាំងសមត្ថកិច្ចស្រុកស្នួល បង្ក្រាបបានកាលពីពេលកន្លងទៅ ដែលការចោទប្រកាន់នេះ បានធ្វើឲ្យប៉ះពាក់ដល់កិត្តិយសរបស់អយ្យការយ៉ាងខ្លាំង។
ក្នុងសេចក្ដីថ្លែងការណ៍ដែល អង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «នៅថ្ងៃទី២៤ ខៃសីហា ឆ្នា២០១៦ មានករណីបង្ក្រាបបទល្មើសព្រៃឈើជាក់ស្ដែង នៅស្រុកស្នួល ដោយចាប់បានជនល្មើសម្នាក់ ហើយជនល្មើសនោះបានឆ្លើយដាក់លើលោក សោ វុទ្ធី ព្រះរាជអាជ្ញារង លុះពេលតំណាងអយ្យការជជីកសួរនាំ ជនល្មើសបានបញ្ជាក់ថា ខ្លួនមិនដែលស្គាល់ឈ្មោះ សោ វុទ្ធី នោះទេ តែជនល្មើសបានឆ្លើយថា ម្ចាស់ឈើនោះឈ្មោះ ហេង ហើយឈ្មោះ ហេង បានប្រាប់ថា បើគេចាប់ឲ្យឆ្លើយថាឈើជារបស់ឈ្មោះ សោ វុទ្ធី»។
បន្ថែមពីនេះ អយ្យការអមសាលាដំបូងខេត្តក្រចេះ បានឲ្យដឹងទៀតថា បច្ចុប្បន្នអយ្យការអមសាលាដំបូង កំពុងស្រាវជ្រាវ និងបានបញ្ជូនសំណុំរឿងជាក់ស្ដែង ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ ជាងនេះទៅទៀត អយ្យការអមសាលាដំបូង សង្ឃឹមថា សាធារណជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គម Facebook ជ្រាបជាព័ត៌មាន ដើម្បីកុំឲ្យមានការចោទប្រកាន់បន្ដទៀត៕