(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា បានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញឱ្យមានការបង្កើតឡើងនូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរនាពេលឆាប់ៗនេះ ក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។

ការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យបង្កើតបាននូវ អនុស្សរណៈយោគយល់គ្នា (MOUs) រវាងរដ្ឋសភាប្រទេសទំាងពីរនេះ បានធ្វើឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម នាព្រឹកថ្ងៃពុធ ទី១០ ខែមករាឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត បានអបអរសាទរការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សានៅកម្ពុជា។ លោកបានបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសមួយ ដែលបានធ្វើជាសាក្សីនៅក្នុងការបោះឆ្នោតជាសកល កាលពីខែកក្កដា ដោយបានបញ្ជូនឥស្សរជនសំខាន់ៗរបស់ខ្លួន មកសង្កេតការណ៍ជាច្រើននាក់។

ឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោត ជាប់ជាប្រធានរដ្ឋសភានីតិកាលទី៧ ជាស្រ្តីដំបូងនៅកម្ពុជាដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះនៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅក្នុងកុម្ភៈខាងមុខនេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភា។ បន្ទាប់ពីការបោះឆ្នោតបង្កើតរដ្ឋសភាថ្មីហើយនោះ ប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប៉ាគីស្ថាន និងកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។

សម្តេចបានលើកឡើងថា កិច្ចសហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទាំងពីរ មិនត្រឹមបម្រើផលប្រយោជន៍ សុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជា និងប៉ាគីស្ថាននោះទេ តែនឹងបម្រើដល់ផលប្រយោជន៍រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងសកលោកទាំងមូល។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់សភាប៉ាគីស្ថាន នៅលើវេទិកាអន្តរសភានានា ក្នុងបុព្វសន្តិភាពនិងមនុស្សធម៌ ជាពិសេសគណៈប្រតិភូរដ្ឋសភាប៉ាគីស្ថានតែងតែមានវត្តមាន ចូលរួមនៅក្នុងកិច្ចប្រជុំ ឬមហាសន្និបាត វេទិកាអន្តរសភា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។

សម្តេចបានគូសបញ្ជាក់ថា សភាទាំងពីរប្រទេសបានបន្តការគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្នុងក្របខណ្ឌពហុភាគីនានា រួមទាំង APA, IPU, APPF, ASEP និងAIPA ជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណប្រទេសប៉ាគីស្ថាន ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា និងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថាន ពិនិត្យលទ្ធភាពនៅក្នុងការពង្រីកការវិនិយោគ និងការធ្វេីពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal” ជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ និងការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជនក្នុងវិស័យទេសចរណ៍ ជាដើម។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត ប៉ាគីស្ថាន មានសុទិដ្ឋិនិយមថានៅពេលស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថាន បានបង្កើតជាផ្លូវការនោះ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន មានការលូតលាស់បានឆាប់រហ័ស។

ទាក់ទងការធ្វើពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា បច្ចុប្បន្ននេះ ស្ថានទូតប៉ាគីស្ថាននៅភ្នំពេញ បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មមួយ នឹងចេញជារូបរាងនៅពេលឆាប់ៗ ខាងមុខនេះដែរ៕