(កំពង់ធំ)៖ រាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ប្រឡងចម្រៀង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧មករា ១៩៧៩-០៧ មករា ២០២៤ លើរបបអាវខ្មៅ ប៉ុល ពត ដែលប្រព្រឹត្តទៅនៅផ្សារមរតក ស្រុកស្ទោង ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម បានបញ្ជាក់ថា កម្មវិធីនេះ មិនត្រឹមតែអបអរសាទរទិវាជ័យជំនះ ៧មករា ក្រោមម្លប់សន្តិភាពប៉ុណ្ណោះទេ គឺថែមទាំងបានបង្កការកម្សាន្តសប្បាយរីករាយ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានកម្សាន្តសប្បាយ ក្រោមម្លប់សន្តិភាពដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក ជាពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អាណត្តិទី៧ ធ្វើឲ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ហើយតម្លៃនៃសុខសន្តិភាព និងទិវាជ័យជម្នះ ៧មករា ជាតម្លៃសច្ចភាពដែលមិនអាចបំភ្លៃបាន។

លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា ជាពិសេសលោក កុក វិទូ អគ្គនាយក ផ្សារមរតកស្រុកស្ទោង ដែលបានផ្តលទីតាំង និងថវិកាសម្រាប់ដំណើរការ ប្រារព្ធពិធីនេះ រហូតដល់ចប់។

គួរបញ្ជាក់ថា កម្មវិធីប្រឡងនេះ មានរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី៧-៩ ខែមករា ឆ្នាំ ២០២៤ ដែលជាលទ្ធផល គណៈកម្មការសម្រេចយកបេក្ខជនជ័យលាភីចំនួន៣រូប គឺពីលេខ១ ដល់លេខ៣ ហើយជ័យលាភីលេខ១ បានទៅលើ បេក្ខនារី ជាតិ សារ៉ាំ លេខ២ បានទៅលើបេក្ខជន ច័ន្ទ ធឿន និងជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ពៅ ទេវា៕