(ភ្នំពេញ)៖ ក្នុងជំនួបនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ លោក ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកឯកអគ្គរាជទូត បានលើកឡើងអំពីភាពរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។

ទនឹ្ទមនឹងនេះ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ និងបានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់លោក ឆឺតកៀត អាត់ថាកន និងសហការី និងបានអរគុណចំពោះការបេ្តជ្ញាចិត្ត ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឲ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត។ សម្តេចធិបតី ក៏បានលើកឡើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាដើម៕