(បន្ទាយមានជ័យ)៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ-ចូល តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីកាត់បន្ថយការកក់ស្ទះអ្នកដំណើរចេញ-ចូលប្រទេស និងប៉ុស្តិ៍បានធ្វើបញ្ជារប្រថាប់ត្រា៨បញ្ជារចេញ ៨បញ្ជារចូល។

ការចុះត្រួតពិនិត្យនេះ ដើម្បីពិនិត្យមើលសកម្មភាពដំណើរចេញ-ចូល ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត របស់ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសចំពោះពលករ និងអាជីវករខ្មែរប្រើប្រាស់ ប័ណ្ណព្រំដែនចេញព្រឹក-ចូលល្ងាច ដើម្បីទៅប្រកបរបរអាជីវកម្មប្រចាំថ្ងៃផ្សេងៗ នៅផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

ការចុះត្រួតពិនិត្យនេះ ក៏មានការអមដំណើរ ពីលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែន អន្តរជាតិប៉ោយប៉ែត, នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្ដមសេនីយ៍ទោ វឌ្ឈនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្ដមសេនីយ៍ទោ ទៀប ប៊ុនលាភ អនុប្រធាននាយកដ្ឋានផងដែរ។

ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានផ្តាំផ្ញើដល់មន្រ្តីអន្តោប្រវេសន៍ យកចិត្តទុកដាក់ក្នុងការបំរើសេវាសាធារណៈជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អ និងគោរពវិន័យ០០៦ នគរបាលជាតិ និងអនុវត្តតាមជំនាញរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ដែលថ្នាក់ដឹកនាំប្រគល់ជូន ហើយក៏សួរសុខទុកផ្តាំផ្ញើ ដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត៕