(ភ្នំពេញ)៖ លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ពីបច្ចុប្បន្នភាពការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ ក្រោយជ្រើសរើសបានចំនួន ២៥០ រូប ដើម្បីដាក់ពង្រាយនៅខេត្តចំនួន១៧ ដែលជាខេត្តសំបូរនូវផលិតកម្មស្រូវ។
បើតាមលោក យ៉ង់ សាំងកុមារ មន្រ្តីកសិកម្មឃុំទាំង២៥០ដែលទើបជ្រើសរើសបានកាលពីចុងឆ្នាំ២០២៣ ក្រសួងកសិកម្មនឹងចាប់ផ្តើមបណ្តុះបណ្តាលនៅខែកុម្ភៈខាងមុខរយៈពេលមួយខែ និងតម្រូវឱ្យទៅធ្វើការនៅតាមមូលដ្ឋានឃុំ ចាប់ពីខែមីនា ឆ្នាំ២០២៤តទៅ។ លោកបញ្ជាក់ថា បើទោះបីជាមន្រ្តីកសិកម្មទាំងនោះ ចុះទៅបំពេញការងារនៅតាមឃុំក៏ដោយ ក្រសួងនឹងបន្តបណ្តុះបណ្តាលជាប់ជាប្រចាំបន្ថែម ទៅលើមុខជំនាញទូទៅ បច្ចេកទេសកសិកម្ម ការផ្សព្វផ្សាយ និងការស្វែងរកទីផ្សារជាដើម។
លោកបានឱ្យដឹងផងដែរថា មន្រ្តីកសិកម្មឃុំដែលចុះទៅបំពេញការងារនៅតាមឃុំនានា គឺមានតួនាទីជាអ្នកសម្របសម្រួលច្រើនជាងជាអ្នកជំនាញបច្ចេកទេស ព្រោះនៅក្រសួងកសិកម្ម មានរៀបចំក្រុមការងារពហុជំនាញ ដែលអាចចុះទៅបណ្តុះបណ្តាល បច្ចេកទេសដល់កសិករ។
គួរជម្រាបដែរថា កាលពីដើមឆ្នាំ២០២៣ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានដាក់ពង្រាយមន្រ្តីកសិកម្មឃុំសាកល្បងប្រមាណ១០ឃុំនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម៕