(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អ្វីដែលកម្ពុជាត្រូវការមិនមែនជាសង្រ្គាមនោះឡើយ គឺជារក្សាបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ នៅក្នុងខេត្តព្រះវិហារនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ។ ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៅដល់ហេតុការណ៍ឈ្លានពានរបស់ប្រទេសថៃក្នុងរបបអាប់ភីស៊ីត វេចាជីវ៉ា មកលើដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់ភ្នំទ្រព្យ និងវត្តកែវសិក្ខាគិរីស្វារៈនៅជើងភ្នំប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨ រហូតដល់មានការផ្ទុះអាវុធដាក់គ្នាជាបន្តបន្ទាប់ និងឈានដល់ការប្រយុទ្ធ ទ្រង់ទ្រាយធំនៅខែកុម្ភៈ ឆ្នាំ២០១១។
បើទោះបីជាយ៉ាងណាព្រឹត្តិការណ៍ផ្ទុះអាវុធនោះ សម្តេចតេជោ ហ៊ុន សែន ថា មិនមែនជាអ្វី ដែលកម្ពុជាចង់បាននោះទេ តែការទប់តរបស់កម្ពុជា គ្រាន់តែជាការប្រឆាំង និងការមើលងាយរបស់ អាប់ភីស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្រ្តីថៃ មកលើកម្ពុជាតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានប្រឹងប្រែងគ្រយុទ្ធសាស្រ្តទាំងតាមកម្លាំងប្រដាប់អាវុធ និងវិធានការច្បាប់ដើម្បីការពារដែនអធិបតេយ្យ របស់កម្ពុជាតាមព្រំដែនថៃក្នុងតំបន់ព្រះវិហារ បានបញ្ជាក់ថា «អ្វីដែលយើងត្រូវការនៅទីនេះ មិនមែនជាបញ្ហាសង្រ្គាមនោះទេ ហើយយើងមិនចង់សង្រ្គាមទេ យើងបង្ខំចិត្តខ្លាំងណាស់ អត់ធ្មត់ខ្លាំងណាស់ ដើម្បីរក្សាសេចក្តីសុខជាមួយប្រទេសជិតខាង យើងបានប្រឹងប្រែងគ្រប់មធ្យោបាយទាំងអស់ ប៉ុន្តែភាពឈ្លើយរបស់អាប់ភីស៊ីត មិនអាចឲ្យអ្នកឯងមើលងាយកម្ពុជាបានទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ទាហានថៃបានឡើងមកឈ្លានទឹកដីកម្ពុជា នៅតំបន់កែវសិក្ខាគិរីស្វារៈ ដែលការ ឈ្លានពាននេះធ្វើឡើងក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។ តែទោះជាយ៉ាងណាក្រោមកិច្ច ការពារដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា ក្រោមការបញ្ជាផ្ទាល់ដោយផ្ទាល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរុញច្រានកងទ័ពថៃ ឲ្យដកចេញពីវត្តកែវសិក្ខាគិរីស្វារៈវិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១០។
ជម្លោះផ្តើមចេញពីការឈ្លានពានរបស់ថៃនៅតំបន់ប្រាសាទព្រះវិហារនេះ បានរាល់ទៅតំបន់ជាច្រើនទៀតដូចជាតំបន់ភ្នំទ្រព្យ ប្រាសាទតាមាន់ និងប្រាសាទតាក្របីជាដើម ដែលនាំឲ្យមានការផ្ទុះសង្រ្គាមដាក់គ្នារវាងកងទ័ពថៃ និងកងទ័ពកម្ពុជាជាច្រើនលើក។ ដើម្បីទប់ ទល់និងការឈ្លានពាននេះ កម្ពុជាបានប្រើគ្រប់មុខព្រួញ នៃយុទ្ធសាស្រ្តទាំងកម្លាំងប្រដាប់អាវុធ ការទូត និងផ្នែកច្បាប់។
ទីបំផុតកម្ពុជា បានសម្រេចប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឡាអេ ឲ្យបកស្រាយឡើងវិញ នូវសាលដីការលើបញ្ហាប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។ ក្រោមការប្តឹងតវ៉ារបស់កម្ពុជានេះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡា អេ បានបញ្ជាក់ជាថ្មីថា កម្ពុជាត្រូវមានអធិបតេយ្យភាពទៅលើព្រះវិហារ និងតំបន់ជុំវិញព្រះវិហារ ហើយតំបន់ជុំវិញប្រាសាទព្រះវិហារនេះត្រូវលាតសន្ធឹងទៅខាងជើង រហូតដល់ខ្សែបន្ទាត់ព្រំដែន ដែលមាននៅលើផែនទីឧបសម្ព័ន្ធទី១ ហើយទៅខាងជើងឈៀងខាងលិច ទៅដល់ជើងភ្នំទ្រព្យ។
ក្រោយការសម្រេចនេះ កម្ពុជា-ថៃ ក៏បានឈានដល់កិច្ចព្រមព្រៀងដកកងទ័ពចេញពីតំបន់ជម្លោះ និង បានកសាងទំនាក់ទំនងល្អ ព្រម ទាំងបង្កើនកិច្ចសហប្រតិបត្តិការជាប្រក្រតីភាពជាមួយគ្នាឡើងវិញ រហូតមកដល់បច្ចុប្បន្ន៕