(ភ្នំពេញ)៖ តាមការស្រាវជ្រាវបង្ហាញថា ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កបញ្ហាជាជំងឺផ្លូវដង្ហើម រួមនឹងជំងឺមហារីកផងដែរ។ ប្លាស្ទិកដែលត្រូវបានគេដុត ក៏បង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិ ព្រោះថាវាបញ្ចេញសារធាតុគីមីពីប្លាស្ទិកមានគ្រោះថ្នាក់ដូចជា៖ ឧស្ម័នកាបូនិក (CO2) ឌីអុកស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans) ជាដើម។

នៅពេលមនុស្សស្រូបយកសារធាតុគីមីទាំងនេះពីផ្សែងវាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើម ហើយក៏អាចបង្កជំងឺមហារីក។ ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទាំងនោះបានរួមចំណែកធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុផងដែរ។

ក្រសួងបរិស្ថានជំរុញឱ្យបន្តអនុវត្តនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានជាប្រចាំ ដោយប្រើពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក»

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា៖ «ការដែលយើងទាំងអស់គ្នា ជាពិសេសក្មួយៗសិស្សានុសិស្ស និងយុវជនយើង ចូលរួមអនុវត្តនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានជាទៀងទាត់នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង នាពេលអនាគត។ យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា បរិស្ថានស្អាត កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា»