(ភ្នំពេញ)៖ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ បានជួបសំណេះសំណាល ជាមួយយុវជន នៃសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ចំនួន ២៩រូប ដឹកនាំដោយលោក ស៊ាង សុលក្ខណ៍ ប្រធានក្រុមនាវាយុវជន អាស៊ីអាគ្នេយ៍ កម្ពុជាលើកទី៤៣។
លោក ស៊ាង សុលក្ខណ៍ប្រធានក្រុមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៣ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក លី ឆេង ដែលតែងតែចូលរួមឧបត្ថម្ភ និងលើកទឹកចិត្ត ដល់សមាគមនាវា យុវជនអាស៊ីអាគ្នេយ៍កម្ពុជា ក្នុងការបំពេញបេសកកម្មជាអន្តរជាតិ ដ៏មានសារៈសំខាន់នេះ ។
លោកបានបន្តថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ (SSEAYP)ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ នៅប្រទេស ជប៉ុន ក្នុងគោលបំណងបីសំខាន់គឺ៖
១-ពង្រឹងការទំនាក់ទំនង និងការយោគយល់គ្នា រវាងយុវជនជប៉ុន និងយុវជន នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍
២-ពង្រីកទស្សនវិស័យ របស់យុវជន ឲ្យបានកាន់តែទូលំទូលាយ លើសាកលលោក
៣-ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញទំនាក់ទំនងជាអន្តរជាតិ ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីជួបសំណេះសំណាល ជាមួយយុវជន នៃសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍ កម្ពុជា។
លោក ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក និងត្រូវមានភាពក្លាហាន ក្នុងការបង្ហាញអំពីអត្តសញ្ញាណជាតិវប្បធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងលើឆាកអន្តរជាតិ។
បន្ទប់មក លោកប្រធានគណៈអធិបតី ក៏បាន ឧបត្ថម្ភថវិកាចំនួន២០០០ដុល្លារ អាមេរិកជូនដល់តំណាងយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាផងដែរ៕