(បាត់ដំបង)៖ កម្លាំងចម្រុះ ក្នុងគណៈបញ្ជាការឯកភាពស្រុកឯកភ្នំប្រចាំទិសទន្លេសាប សហការណ៍ជាមួយកម្លាំងអន្តរាគមន៍ ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំចុះបង្ក្រាបបទល្មើសនេសាទហួសដែនកំណត់ ដោយប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងបឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលខ២ (ដែនអភិរក្ស) ស្ថិតក្នុងភូមិស្ត្រឃុំកោះជីវាំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ម៉ិល សុផល បានឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទនៅលើបឹងទន្លេសាប នៅតំបន់រ៉ាមសារព្រែកទាល់ អតីតឡូតិ៍នេសាទលេខ២ (ដែនអភិរក្ស) ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងចម្រុះបានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទដូចជា៖ របាំសាច់មងបរណរាវ ចំនួន ០៩ឡុក ប្រវែង ៣,៧០០ម៉ែត្រ បង្គោលឈើចំនួន ៨០០ដើម និងបានចាក់ប្រលែងត្រី ចូលបឹងធម្មជាតិប្រមាណ ៣០គីឡូក្រាម។

ការបង្រ្កាបបទល្មើសនេសាទខាងលើនេះក្រោមការឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋានខេត្តបាត់ដំបង បានឧបត្ថម្ភ សាំង ២០០លីត្រ និងម៉ាស៊ូត ២០០លីត្រ។

លោក ម៉ិល សុផល បានបន្ថែមថា ការចុះបង្ក្រាបនេះ គឺជាការយកចិត្តទុកដាក់ ការថែរក្សានូវធនធានធម្មជាតិនៅជុំវិញបឹងទន្លេសាប (ក្នុងដែនអភិរក្ស) ដោយសារកន្លងមកមានការនេសាទហួសដែនកំណត់ និងការប្រើប្រាស់លក្ខណៈទ្រង់ទ្រាយធំធ្វើឱ្យការបាត់បង់នូវពូជត្រីមួយចំនួន។

លោក ម៉ិល សុផល ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាជួយទប់ស្កាត់ និងការពារពូជត្រីនៅរដូវទឹកឡើង គឺជារដូវត្រីពង ដើម្បីរក្សាពូជត្រីឱ្យបាន គង់វង្សផងដែរ៕