(កំពង់ស្ពឺ)៖ នៅថ្ងៃទី៨-ទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅវត្តសុវណ្ណគិរី ស្ថិតនៅក្នុងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ រួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៤៦នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានតំណាងលោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ៤២៧នាក់ មកពីឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ឆ្លៀតក្នុងឱកាស នៃការចុះពិនិត្យ និងព្យាបាលជំងឺនេះ ផងដែរ ក្រុមគ្រូពេទ្យស្មគ្រចិត្ត បានផ្តល់ជូននូវអំណោយមួយចំនួនដូចខាងក្រោម៖

*ឧបត្ថម្ភ Computer ០១គ្រឿង ដល់អនុវិទ្យាល័យ សុវណ្ណគីរី
*ឧបត្ថម្ភ Computer ០១គ្រឿង ដល់សាលាឃុំកាត់ភ្លុក
*ឧបត្ថម្ភដល់សិស្សអនុវិទ្យាល័យសុវណ្ណគីរី ២០០នាក់ នូវសៀវភៅ ២០០ក្បាល, គូល័រ ២០០ប្រអប់, នំប៉័ង២០០, បាល់ទាត់ ៥គ្រាប់, បាល់ទះ ៥គ្រាប់, ពិលធំ ២ និងថ្នាំបញ្ចុះសត្វល្អិត ១,០០០គ្រាប់។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានទទួលនូវការពិនិត្យ ព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញ បានគោរពអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខុមាលភាពប្រជាជននៅជនបទ។

ជាក់ស្តែងនេះជាលើកទី៤ហើយ នៅស្រុកបសេដ្ឋ ដែលក្រុមគ្រូពេទ្យស្មគ្រចិត្តមកពីប្រទេសកូរ៉េ រួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ក្រោមកិច្ចចង្អុលបង្ហាញរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដល់ពួកគាត់ដោយឥតគិតថ្លៃ និងបានឧបត្ថម្ភនូវសម្ភារៈមួយចំនួនផងដែរ។

សូមបញ្ជាក់ជូនថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤៕