(កំពង់ឆ្នាំង)៖ លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក ឈឹម វុទ្ធា អភិបាលរង តំណាងអភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី «កិច្ចសហការក្នុងការអនុវត្តសំណុំរឿងកែតម្រូវបញ្ជីអត្រានុកូលដ្ឋាន»។
កិច្ចប្រជុំនេះមាការចូលរួមពីអនុប្រធាន, លោក-លោកស្រីចៅក្រម, ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ឆ្នាំង, លោក លោកស្រី អភិបាល-រង ក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, ជំទប់ឃុំ ចៅសង្កាត់រង និងស្មៀនឃុំ-សង្កាត់ ទូទាំងខេត្តកំពង់ឆ្នាំង។ កិច្ចបប្រជុំនេះធ្វើឡើងនៅសាលាដំបូងខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការក្នុងការអនុវត្តសំណុំរឿងកែតម្រូវបញ្ជីអត្រានុកូលដ្ឋាន ជាពិសេសដើម្បីផ្សព្វផ្សាយបន្ថែមដល់មន្ត្រីអត្រានុកូលដ្ឋាន អំពីសេចក្តីសម្រេចកែតម្រូវបញ្ជីអត្រានុកូលដ្ឋាន ដែលសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចជូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើនការយល់ដឹងបន្ថែមទៀតអំពីនីតិវិធីនៃការដាក់ពាក្យសុំ នីតិវិធីនៃការចេញសេចក្តីសម្រេច និងការអនុវត្តការកែតម្រូវបញ្ជីអត្រានុកូលដ្ឋាន ដេីម្បីចូលរួមចំណែកគ្នា និងសហការក្នុងការពន្លឿននីតិវិធីនៃការកែតម្រូវបញ្ជីអត្រានុកូលដ្ឋាននេះឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស រួមទាំងធានាបាននូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដែលបានជួបផលលំបាកនៅក្នុងការកែតម្រូវបញ្ជីអត្រានុកូលដ្ឋានរបស់ខ្លួន។
លើសពីនេះ គឺជាជំនួបមួយរវាងមន្ត្រីយុត្តិធម៌ និងមន្ត្រីអត្រានុកូលដ្ឋាននៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីអាចលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងការអនុវត្តមុខងារកន្លងមក និងដើម្បីដោះស្រាយបញ្ហាទាំងនោះរួមគ្នា ព្រមទាំងចូលរួមចំណែកអនុវត្តនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតុលាការ ក្នុងគោលដៅបម្រើសេវាយុត្តិធម៌ដល់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ៕