(នេប៉ាល់)៖ យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និង ១៧នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តក្រុងដែល ពួកគេជិះ បានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទន្លេ Trishuli ក្នុងស្រុក Chitwan ប្រទេសនេប៉ាល់។ នេះបើតាមការចេញ ផ្សាយរបស់សារព័ត៌មានរដ្ឋនេប៉ាល់ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦។
យោងតាមសម្តីរបស់អធិការប៉ូលិសស្រុក Chitwan លោក Basanta Kunwar បានឲ្យដឹងថា រថយន្តក្រុងខាងលើនេះ បានដឹកមនុស្ស ៣៩នាក់ (តៃកុងម្នាក់ និងព្រូម្នាក់) ធ្វើដំណើរនៅតាមដងផ្លូវដ៏មមាញឹកបំផុតមួយក្នុងខេត្ត ហើយទំនង ជាបានជ្រុលបង្កូត ទើបធ្លាក់ចូលទៅក្នុងទន្លេតែម្តងនៅវេលាម៉ោង ៤៖៤៥នាទីព្រឹកថ្ងៃសុក្រនេះ ម៉ោងនៅទីក្រុងកាត្មាន់ឌូ។
គួរបញ្ជាក់ថា អ្នកស្លាប់ត្រូវបានក្រុមសង្គ្រោះស្រង់ចេញពីក្នុងទន្លេជាបណ្តើរៗ ហើយដោយឡែកអ្នករងរបួសធ្ងន់និង ស្រាល ១៧នាក់ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះ នៅឯមន្ទីរពេទ្យក្នុងស្រុក Bharatpur ដែលនៅក្បែរនោះ។ សម្រាប់ អ្នកបាត់ខ្លួនពីរនាក់ គឺតៃកុងឡាន និងព្រូ ពេលនេះអាជ្ញាធរកំពុងបន្តធ្វើការស្វែងរកក្នុងទន្លេ៕