(ព្រះវិហារ)៖ មេបញ្ជាការកងពលធំអន្តរាគមន៍លេខធំលោកផ្កាយ៣ ស្រី ឌឹក បានប្រកាសប្តេជ្ញាការពារសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមិនអនុញ្ញាតឲ្យមានចលនាប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលណាមួយកើតឡើងឡើយ។ លោក ស្រី ឌឹក ក៏បានប្តេជ្ញាដាច់ខាតការពារមិនឲ្យបដិវត្តពណ៌ កើតមាននៅកម្ពុជានោះឡើយ ទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
ការប្រកាសបង្ហាញជំហរដ៏ម៉ឺងម៉ាត់របស់មេទ័ពការពារព្រំដែន ក្នុងទិសព្រះវិហារនេះ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយទាហាន នាយទាហាន និង ពលទាហាននៅកងពលធំអន្តរាគមន៍លេខ៣ នៅក្នុងខេត្តព្រះវិហារ នាព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានរំលឹកថា ចាប់តាំងពីប្រទេសជាតិ ត្រូវបានរំដោះពីភាពខ្មៅងងឹតនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងវឌ្ឍនភាពលើគ្រប់វិស័យ។ លោក ស្រី ឌឹក បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា កំពុងមានភាពសម្បូរសប្បាយ ហើយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមានជីវភាពកាន់តែល្អប្រសើរឡើង ដោយប្រាក់បៀវត្សរ៍ត្រូវសម្តេចដំឡើងបន្ថែមជារៀងរាល់ឆ្នាំ។
លោក ស្រី ឌឹក បានបញ្ជាក់ថា «នេះជាគុណបំណាច់ និងពលីកម្មយ៉ាងធំធេងបំផុតរបស់សម្តេចតេជោ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន»។
ក្រៅពីការលើកបង្ហាញពីសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះ ឧត្តមសេនីយ៍ ឯក ស្រី ឌឹក តំណាងឲ្យកងទ័ពរបស់លោក បានប្តេជ្ញាការពារគាំទ្រ សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនសម្តេចជានាយករដ្ឋមន្រ្តីជារៀងរហូត។
លោក ស្រី ឌឹក ក៏បានប្តេជ្ញាការពារមាតុភូមិ និងប្រជាជន ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ ជាពិសេសរាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយសម្តេចតេជោ ដែលបានកើតចេញពីឆន្ទៈពិតប្រាកដ របស់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក៏បានប្រកាសប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គ្រប់រូបភាព និងប្តេជ្ញាដាច់ខាត មិនឲ្យមានបដិវត្តពណ៌នៅកម្ពុជា បើទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ៕