(ភ្នំពេញ)៖ ជាមួយនឹងការប្រកាសចេញនូវ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា គណៈបញ្ជាការដឹកនាំយុទ្ធនាការនេះ នឹងត្រូវប្រកាន់ខ្ជាប់នូវអភិក្រមចំនួន៣ ក្នុងការបំពេញការងារនេះ។

អភិក្រមទាំងនេះ រួមមាន៖

អភិក្រមទី១៖ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យនៃអំណាចតុលាការ មានន័យថា អ្នកអនុកិច្ចការងារនេះ អាចមានសិទ្ធិសម្រេចសេចក្តីជំនួសចៅក្រមនោះទេ ហើយការសម្រេចក្តីមានតែចៅក្រមនោះទេ ដែលមានសិទ្ធិក្នុងការសម្រេចក្តីដដែល។ ដូច្នេះ អភិក្រមទី១ គណៈកម្មការដឹកនាំ និងអនុវត្តន៍យុទ្ធនាការទី២នេះ ត្រូវធានាថា មិនធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យនៃអំណាចតុលាការ ហើយអ្វីដែលចង់បានបំផុត គឺយុត្តិធម៌ ប៉ុន្តែយុត្តិធម៌នេះ មិនត្រូវបំពានទៅលើអំណាចរបស់តុលាការនោះដែរ។

អភិក្រមទី២៖ មិនត្រូវធ្វើបុរេវិនិច្ឆ័យ លើការសម្រេចសេចក្តីរបស់តុលាការថា មិនប្រក្រតី ឬអយុត្តិធម៌ នៅពេលមានពាក្យបណ្តឹង។ ត្រង់ចំណុចនេះ រដ្ឋមន្ត្រីយុត្តិធម៌ បានគូសបញ្ជាក់ថា មិនមែនគ្រាន់តែមានពាក្យបណ្តឹងភ្លាម អ្នកដែលកាន់យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដាក់ចិត្តដាក់កាយភ្លាមថា តុលាការខុសនោះឡើយ។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានឱ្យដឹងថា យុត្តិធម៌ ឬអយុត្តិធម៌វាចំណុះឱ្យលើអង្គហេតុ ចំណុះឱ្យលើអង្គច្បាប់ ចំណុះឱ្យលើភស្តុតាង។ អង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលពេញលេញគ្រប់គ្រាន់ទើអាចកំណត់បានថាតើយុត្តិធម៌នៅកន្លែងណា? ការពិតវានៅកន្លែងណាពិតប្រាកដ?។

អភិក្រមទី៣៖ គឺត្រូវអនុវត្តប្រកបដោយតម្លាភាព ភាពច្បាស់លាស់ ភាពត្រឹមត្រូវ និងយុត្តិធម៌។ សម្រាប់អភិក្រមទី៣នេះ ត្រូវបាន ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ច្បាស់ថា អ្នកកាន់យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវមានការទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ និងចំពោះមុខវិស័យយុត្តិធម៌ទាំងមូលតែម្តង មិនអាចប្រើប្រាស់យុទ្ធនាការនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងអ្នកនៅខាងក្រោម និងអ្នកនៅខាងលើ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសង្កត់ធ្ងន់ៗថា៖ «ដាច់ខាតមិនអនុញ្ញាតឱ្យមានស្ថានភាពត្រីងៀត ឆ្លៀតពងដែលប្រើប្រាស់យុទ្ធនាការនេះដើម្បីផលប្រយោជន៍ខ្លួនឯង គឺមិនទទួលនោះទេ។ ដូច្នេះ ត្រីមួយកន្ត្រក់មិនអាចត្រីមួយស្អុយ ត្រូវដកត្រីស្អុយមួយចេញ ដើម្បីឱ្យត្រីដទៃផ្សេងទៀតដែលមិនស្អុយ គឺគាត់នៅល្អ»