(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលបង្កើតឡើង ក្នុងរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងចាប់ផ្ដើមទទួលពាក្យបណ្ដឹង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤តទៅ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាព មិនប្រក្រតីនៅតាមតុលាការ រៀបចំសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចាប់ពីថ្ងៃទី០១ ខែមីនា តទៅ យើងចាប់ផ្ដើមទទួលពាក្យបណ្ដឹង»

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាយុទ្ធការកាត់ក្ដីជំនួសតុលាការនោះទេ ដូច្នេះគោលការណ៍ នៅក្នុងការដោះស្រាយ គឺការសម្របសម្រួលផ្សះផ្សារវិវាទ និយាយឲ្យសាមញ្ញា ចំណុះទៅលើការសម្រេចរបស់គូភាគីទាំងអស់។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមទៀតថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនអាចប្រើប្រាស់ឆន្ទានុសិទ្ធិ សម្រេចថា រឿងត្រូវដោះស្រាយយ៉ាងម្ដេចនោះទេ គឺត្រូវប្រើប្រាស់នូវសិល្បៈ ដើម្បីឲ្យភាគីទាំងពីរ អាចត្រូវរូវគ្នាឡើងវិញ។

អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមានសមាជិក៧រូប។

ជាមួយគ្នានេះ ដើម្បីងាយសម្រាប់ទំនាក់ទំនង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក៏បានប្រកាសពីលេខទូរស័ព្ទ បណ្តាញ Telegram និង Facebook ផ្លូវការរបស់ខ្លួនតាមរយៈ៖

* លេខទូរស័ព្ទ: +855 99 456 156
* តេឡេក្រាម: https://t.me/nadrcambodia
* ហ្វេសប៊ុក: https://fb.com/nardcambodia
* ទីតាំង : https://maps.app.goo.gl/b8EFDqtNviaPYsCo7