(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​បានបកស្រាយចំពោះ រឿងដែលថា «ប៉ូលីសចាប់ តែតុលាការដោះលែង»។ ពាក់ព័ន្ធនឹងករណីនេះ លោកឧបនាយករដ្ឋមន្រ្តី បានពន្យល់ថា ការដោះលែងមនុស្សដែលប៉ូលិសចាប់ គឺជាការអនុវត្តតាមច្បាប់ និងភាពចាំបាច់ជាក់ស្តែងប៉ុណ្ណោះ ហើយបើដោះលែងមិនផ្អែកលើក្របខណ្ឌច្បាប់ នោះទើបជាជាកំហុស។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសដែលក្រសួងយុត្តិធម៌ រៀបចំសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

សម្រាប់រឿងដែលលើកពីបញ្ហាប៉ូលីសចាប់ បញ្ជូនទៅតុលាការ ស្រាប់តែមានការដោះលែងវិញ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងដូច្នេះថា «យើងត្រូវតែយកជ្រុងមួយដែលទៅហួសពីជ្រុងក្នុងនាមជាជនរងគ្រោះ ហើយបើនិយាយពីជ្រុងរឿងសិទ្ធិមនុស្សវិញ ដូចជាសំណួរដែលនិយាយពីការចង្អៀតណែនពន្ធនាគារ ប៉ុន្តែក្នុងពេលតែមួយយើងសួរថា ពេលដែលចាប់បានត្រូវបញ្ជូនទៅពន្ធនាគារទាំងអស់ ឬយ៉ាងណា នៅពេលដែលរឿងក្តីខ្លះវាមិនគប្បីត្រូវបញ្ជូនទៅពន្ធនាគារ ចឹងហើយរឿងដោះលែង ឬមិនដោះលែង គឺត្រូវផ្អែកទៅលើក្របខណ្ឌច្បាប់ទាំងអស់ ហើយបើដោះលែងមិនផ្អែកលើក្របខណ្ឌច្បាប់នោះគឺជាកំហុស»

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ថែមទៀតថា ការឃុំខ្លួនជាគោលការណ៍ គឺទាល់តែចាំបាច់បំផុត។ លោកបានបន្ថែមទៀតថា គេអាចហៅថា យុត្តិធម៌ព្រហ្មទណ្ឌបែបទំនើប ដែលវាត្រូវបានប្រើប្រាស់ភាពចាំបាច់តែប៉ុណ្ណោះសម្រាប់ការឃុំខ្លួន ដែលក្រៅពីនោះគេមិនឃុំនោះទេ ដូចនេះហើយមានច្បាប់មួយគឺការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជំនួសឱ្យវិធានការឃុំខ្លួន ហើយចៅក្រមប្រើរឿងនេះច្រើនណាស់៕