(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបង្ហើបអំពីគម្រោងចំនួន២ នោះគឺយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតំបន់ដាច់ស្រយាល និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតំបន់ជនជាតិដើមភាគតិច។ ជាមួយនឹងគម្រោងនេះ លោកអះអាងថា ក្រសួងនឹងបើកទ្វារស្វាគមន៍ចំពោះសង្គមស៊ីវិល ដែលចង់ចូលរួមជួយ ដោយការទទួលខុសត្រូវពិតប្រាកដ មិនមែននិយាយរួចតែមាត់។
ថ្លែងក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា៖ «យើងចង់ដឹងថា តើដៃគូរបស់យើង ដែលហារមាត់ពេលណាក៏ដោយចង់ជួយប្រជាជន តើគាត់យកការទទួលខុសត្រូវចំពោះ ប្រជាជននៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិចដូចម្តេច? យើងបើកទ្វារចំហរ»។
យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានជំរុញយ៉ាងខ្លាំង នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា។
ពាក់ព័ន្ធនឹងការចូលរួមរបស់សង្គមស៊ីវិលនេះ កន្លងទៅក្រសួងក៏ធ្លាប់បានហៅមកពិភាក្សាគ្នាដើម្បីស្វែងរកជំនួយគាំទ្រផងដែរ ប៉ុន្តែពេលពួកគាត់ត្រឡប់ទៅវិញ មិនបានទាំងផ្តល់ចម្លើយសម្រាប់កម្ពុជាថា ជួយ ឬមិនជួយនោះទេ។ លោក កើត រិទ្ធ បានចាត់ទុកថា ដៃគូមួយចំនួននោះ បានតែនិយាយ ប៉ុន្តែខ្វះភាពប្រាកដនិយម។
លោកបានបន្តទៀតថា៖ យើងយកការទទួលខុសត្រូវមួយ បើកទ្វារចំហរសម្រាប់អ្នកដែលចង់ជួយប្រជាជនពិតប្រាកដ គឺបើកទ្វារចំហរដើម្បីជួយ ប៉ុន្តែបើចូលមកនិយាយបែបនិន្នាការនយោបាយ ស្រមើលស្រមៃឱ្យរួចតែពីមាត់ទេ យើងមិនចង់បានទេ៕