(កំពង់ធំ)៖ នៅថ្ងៃ៩ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងនគរបាលសំណេះសំណាលជាមួយអតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ចនៅគេហដ្ឋានថ្មីជា

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជូនចំពោះបងប្អូនយុទ្ធជន ដែលរយៈពេលកន្លងមកសមាជិកបានចូលរួមចំណែក ដើម្បីបុព្វហេតុជាតិមាតុភូមិថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរហូតប្រទេសជាតិទទួលបានសុខសន្តិភាពស្ថេរភាពនយោបាយឯកភាពជាតិ ពេញលេញ មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។

លោកស្នងការ ថ្លែងកោតសរសើរចំពោះបងប្អូន ខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកស្នងការបានផ្ដាំផ្ញើ ដល់សមាជិក គ្រួសារសមាជិកត្រូវថែទាំសុភាព តាមរយៈការធ្វើអនាម័យ ជាប្រចាំថ្ងៃរស់នៅស្អាត បរិភោគម្ហូបអាហារស្អាត ជៀសវាងបរិភោគអាហារដែលបំផ្លាញសុខភាព សូមបន្តចូលអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព ជាពិសេសចូលរួមអនុវត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព។

លោក កង ឡឹង តំណាងឲ្យគ្រួសារសមាជិកកម្លាំងប្រជាការពារបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការ ប្រតិភូអមដំណើរដែលបានចំណាយពេលវេលា ដ៏មមាញឹក ចុះសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារៈ ថវិកា និងសូមជូនពរជួបប្រទះតែពុទ្ធពរទាំង៤ សម្រេចកិច្ចការងារទទួលបានជោគជ័យ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឧបត្ថម្ភអំណោយដល់អតីតយុទ្ធជនទាំង០៤គ្រួសារក្នុង០១គ្រួសារទទួលបាន÷ អង្ករទម្ងន់១០០គីឡូក្រាម ថវិកា ២០០.០០០រៀល មេភូមិថវិកា១០០.០០០រៀល សមាជិកអតីតយុទ្ធជនចូលរួម៦៥ នាក់ និងកម្លាំងប្រជាការពារ១០នាក់ ក្នុង០១ទទួលបាននាក់ថវិកា២០.០០០រៀល គ្រួសារសមាជិកសម្រាលបុត្រ ១០០.០០០ រៀល កម្លាំងតំបន់ប្រតិបត្តិការសឹករង០២នាក់ ថវិកា ៤០០០០រៀល។ សរុបថវិកាចំណាយអស់ ៣.៧៨០.០០០ រៀល៕