(ភ្នំពេញ)៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក Martin Vávra បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរ អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះ លោក Martin Vávra ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា និងបានផ្តាំផ្ញើនូវការអរគុណផងដែរ ជូនចំពោះលោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក ដែលបានផ្ញើលិខិតអបអរសាទរ ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតី។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋឆេក ដែលបានលុប​ចោលបំណុលរបស់កម្ពុជា​ ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍​ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៉ីនធើណេត និងកសិកម្ម ៕