(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន។

លោកក៏បានសម្តែងនូវការបេ្តជ្ញាចិត្ត ក្នុងអាណតិ្តបេសកកម្មការទូតរបស់លោក ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំ នូវការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសហការី ព្រមជាមួយនឹងការអបអរសាទរ ចំពោះការចូលកាន់មុខតំណែងរបស់លោកឯកអគ្គរដ្ឋទូត។

ទន្ទឹមគ្នានេះ សម្តេចធិបតីបានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះ កម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹម ចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ៕