(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពករលដ្ឋ និងក្រុមប្រឹក្សាឃុំគោកត្រប់ និងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន៦៥៩នាក់ ក្នុងឱកាសអបអរសាទរ ខួបទី៤៥ នៃទិវាជ័យជម្នះ ៧មករា នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

បន្ទាប់ពីលោក ឈុន តារា អភិបាលរងស្រុកកណ្តាលស្ទឹង និងលោក ម៉ាត្រ សូត្រ អនុប្រធានក្រុងការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំគោកត្រប់ និងឃុំត្រពាំងវែង បានឡើងអានសុន្ទរកថាទាំងស្រុងរបស់សម្តេចជោ ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជារួចមក លោក ម៉ម ប៊ុននាង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ជូនក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋឃុំគោកត្រប់ និងឃុំត្រពាំងវែងទាំងអស់ ប្រកបដោយក្តីនឹករលឹក និងគិតគូរដោយយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលាទាំងអស់។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ជ័យជម្នះ ៧ មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាព គ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មី គឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាដែលធ្លាប់ស្ថិតក្នុងគំនរផេះផង់ បានឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។

លោកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុគស្មាញរបស់ប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការផ្តល់សេវាសាធារណៈជូនប្រជាជន និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ប្រកបដោយសុខសុវត្ថិភាព រួមទាំងថែរក្សាសុខភាព អនាម័យ និងបរិស្ថានបានល្អប្រសើរ។

ជាមួយគ្នានោះ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យ ភាព បរិយាប័ន្ន និងសមធម៌សង្គម ហើយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាឱ្យប្រជាជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់អាជ្ញាធរភូមិ ឃុំ ព្រមទាំងប្រជាពលរដ្ឋ នៅឃុំគោកត្រប់ និងឃុំត្រពាំងវែងសរុបចំនួន៦៥៩នាក់ ដោយក្នុងម្នាក់ៗថវិកា២០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន១៣,១៨០,០០០ រៀល (ដប់បីលានមួយសែនប្រាំបីម៉ឺនរៀល)៕