(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក បួកែវ ភូមិវង្សជ័យ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋឡាវប្រចាំកម្ពុជា អំពីកាលានុវត្តភាព សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ ប្រកបដោយនិរន្តរភាព និងភាពធន់។

កិច្ចភិភាក្សានេះ គឺដើម្បីជំរុញលំហូរទេសចរទៅវិញទៅមក ឱ្យកាន់តែប្រសើរឡើង និងការពង្រឹងសមត្ថភាពប្រកួតប្រជែង ក្នុងកម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី សុខ សូកេន និងលោកឯកអគ្គរដ្ឋទូតឡាវ ក៏បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញមន្រ្តីជំនាញនៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ពិភាក្សារៀបចំផែនការសកម្មភាពរួមស្តីពីទេសចរណ៍ «ប្រទេសទាំងបី គោលដៅតែមួយ» និងពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគីកម្ពុជា-ឡាវ-វៀតណាម អំឡុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕