(ភ្នំពេញ)៖ កម្ពុជាចិននឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ «ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤, បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។

ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» នេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិនក្រោមអធិបតីភាព ឯកឧត្តម លី សូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ឱ្យដឹងថា បើយោងតាមការប្រជុំគណកម្មការអន្តរក្រសួង ដែលដឹកនាំដោយក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រៀមរៀបចំសម្តែងរបាំ និងការប្រគំតន្ត្រីរួមគ្នាជាមួយភាគីចិន។ ឯកឧត្តមលើកឡើងថា៖ «របាំទី១គឺរបាំទេពមនោរម្យ ការប្រគំតន្ត្រីរួមគ្នារវាងតន្ត្រីកកម្ពុជា និងចិន ការសម្តែងបទចម្រៀងមួយចំនួនទៀត ដោយកុមារចំនួន៥០នាក់។ ចំពោះការយល់ឃើញរបស់ខ្ញុំ ការរៀបចំព្រឹត្តិការណ៍នេះ មានសារសំខាន់ណាស់សម្រាប់ប្រទេសចិន និងកម្ពុជា។ កម្ពុជាយើងកំពុងត្រូវការវត្តមានរបស់ទេសចរឡើងវិញ ឱ្យមកកម្ពុជាកាន់តែច្រើន។ ហើយការផ្សព្វផ្សាយ ទៅកាន់ប្រទេសចិន គឺជារឿងមួយសំខាន់សម្រាប់កម្ពុជា ព្រោះចិនមានប្រជាជនច្រើនរហូតដល់រាប់លាននាក់ អ៊ីចឹងបើផ្សព្វផ្សាយដល់ប្រជាជនចិន ឱ្យមកលេងអង្គរវត្តយើង កាន់តែច្រើនជាការល្អប្រសើរ សម្រាប់វិស័យទេសចរណ៍ សេដ្ឋកិច្ច វិនិយោគ ដោយផ្ទាល់ និងដោយប្រយោល។ ព្រឹត្តិការណ៍គឺជាការផ្សព្វផ្សាយពីវប្បធម៌កម្ពុជាដែរ ព្រោះក្រសួងវប្បធម៌ មិនមែនធ្វើតែកិច្ចការវប្បធម៌តែម្យ៉ាងទេ គឺយើងបានធ្វើការជំរុញឱ្យសេដ្ឋកិច្ច ទេសចរណ៍ផង និងវប្បធម៌ផង គឺយើងធ្វើការរួមគ្នា។ អ៊ីចឹងខ្ញុំគិតថា មានសារសំខាន់ណាស់សម្រាប់ប្រទេសយើងទាំងពីរ។»

ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ ក្រុមការពាក់ព័ន្ធ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ។ ឯកឧត្តមថ្លែងថា៖ «ការងាររបស់យើង មានការឯកភាពគ្នាជាគោលការណ៍អស់ហើយ។ ក្រុមការបច្ចេកទេសទាំងអស់ បានចាប់ដៃគ្នានៃស្ថាប័នពាក់ព័ន្ធទាំងអស់នោះ។ យើងក៏រំពឹងថា នឹងមានភ្ញៀវទេសចរចិន បានមកទស្សនាប្រទេសយើងកាន់តែច្រើន ឱ្យមានកំណើនឱ្យដូចមុនកូវីដ-១៩ឡើងវិញ។ សំខាន់ការងារទាំងអស់យើង បានត្រៀមរួចហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ ទាំងកិច្ចការងារផ្សេងៗ ដែលអាជ្ញាធរជាតិអប្សរាកំពុងបំពេញនោះ គឺយើងត្រៀមរួចរាល់អស់ហើយ»

លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចាត់ទុកថា ព្រឹត្តិការណ៍នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤នេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន នៃប្រទេសទាំងពីរបានស្វែងយល់ ចែករំលែកបទពិសោធន៍ ព័ត៌មានទៅវិញទៅមក និងបង្កើនភាពស្និទ្ធស្នាលគ្នាកាត់តែខ្លាំងឡើង។ ហើយឆ្លុះបញ្ចាំងពីភាពរឹងមាំពីមិត្តដែកថែប ដែលចិនតែងតែនៅជាមួយកម្ពុជាក្នុងលំបាកបំផុត។

លោកស្រីថ្លែងថា៖ «យើងសង្ឃឹមថា មិត្តចិននឹងរាប់ចាប់តាំងពីព្រឹត្តិការណ៍ ហើយជំរុញប្រជាជនរបស់ខ្លួនឱ្យមកកម្ពុជា ឱ្យដូចមុនវិបត្តិកូវីដ១៩ ព្រោះថាទេសចរចិន បានដើរតួនាទីសំខាន់ ក្នុងការធ្វើឱ្យមានកំណើនភ្ញៀវទេសចរដែលចូលមកកម្ពុជា ក៏ដូចជាជួយសេដ្ឋកិច្ចជាតិឱ្យមានកំណើន» ការរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ ស្របទៅនឹងការឯកភាពគ្នារបស់ ប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជាចិន កាលពីខែតុលាឆ្នាំ២០២៣ ក្នុងការជំរុញនូវគោលនយោបាយគន្លឹះ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងគោលដៅអាទិភាព ក្នុងការជំរុញទេសចរចិនមកលេងកម្ពុជា។ វាក៏ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ «ទស្សនាអង្គរ ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏នឹងមាន ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបង្ហាញនូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាង ទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិត ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕

អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន