(ភ្នំពេញ)៖ អាណត្តិទី៥ ជាអាណត្តិនៃកំណែទម្រង់ដ៏ស៊ីជម្រៅរស់រវើក និងរឹតតែ​​អាចសង្ឃឹមខ្លាំង​ឡើង​ពី​ប្រសិទ្ធ​​ភាព​ខ្ពស់ ក្នុងការងាររបស់រាជរដ្ឋាភិបាល។ ទោះបីជានាយករដ្ឋមន្រ្តី ហ៊ុន សែន បានឈ្នះឆ្នោត​ជាប់ៗ​​​គ្នា​​​៥អាណត្តិ​ហើយ​ក៏ដោយ ប៉ុន្តែអ្នកតាមដានស្ថានការណ៍នយោបាយ​នៅកម្ពុជា យល់ឃើញ​ថា ​នាយក​រដ្ឋមន្ត្រី មិនបានព្រងើយកន្តើយ និងកិច្ចខិតខំប្រឹងប្រែងក្នុងការងារ​ដឹកនាំ​ប្រទេស​របស់ខ្លួននោះទេ។ ជាពិសេសបទពិសោធន៍ដ៏គួរឱ្យព្រួយបារម្ភ ជុំវិញការធ្លាក់នូវសំលេង​គាំទ្រ​របស់ប្រជាពលរដ្ឋ​ នៅក្នុង​ការបោះឆ្នោតជាតិនាឆ្នាំ២០១៣កន្លងទៅ គឺបានដាស់​ស្មារតី​ មេដឹកនាំ​កម្ពុជា​កាន់តែខ្លាំងឡើង។

ទោះជា​យ៉ាងណា ការធ្លាក់នូវ​សំលេងគាំទ្រ​ពីពលរដ្ឋ​តាមរយៈ​ការបោះ​ឆ្នោត មិនបានធ្វើឱ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន បាក់ទឹកចិត្តឡើយ​ ប៉ុន្តែការធ្លាក់ចុះ​នូវ​សំលេង​គាំទ្រ​នេះ បានប្រែក្លាយជាកំលាំងចលករ រុញច្រានបុរសខ្លាំងនៅ​កម្ពុជារូបនេះ ឱ្យកាន់តែ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ និងភាពរាំងស្ទះទាំងឡាយ​ទាំងពួង ដោយខិតខំ​រិះរកមធ្យោបាយ​ ដើម្បី​កែទម្រង់​នូវចំនុច​ខ្វះខាត ក្នុងការដឹកនាំរបស់ខ្លួន​ឡើង​វិញ។ ទន្ទឹម​និង​​ការ​ប្រឹង​ប្រែង​​កែទម្រង់​កាន់តែ​ខ្លាំងក្លាឡើង របស់​រដ្ឋាភិបាល ​គណបក្ស​ប្រឆាំង​ដែល​ដណ្តើម​​សំលេង​​បានច្រើនគួរសម ពីគណបក្សកាន់អំណាច​នៅឆ្នាំ២០១៣ កំពុង​ត្រូវបាន​គេ​មើល​ឃើញថា បាន​ចុះ​ខ្សោយ និងធ្លាក់​កូដ​ខ្លាំង​ដោយសារតែភាព​គ្មាន​ទំនួលខុសត្រូវក្នុងការងារ ការមិនឱ្យតម្លៃ​សកម្ម​ជន និងអ្នកគាំទ្រ។

តាមការរំពឹងទុករបស់អ្នកវិភាគ​នយោបាយ​មួយ​ចំនួននៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា បើ​រដ្ឋា​​ភិបាល ពិតជាមានឆន្ទៈមោះមុត​ក្នុង​ការធ្វើកំណែទម្រង់មែននោះ បក្សប្រឆាំងអាចនិង​ពិបាក​​ក្នុង​ការប្រកួត​​ប្រជែងជាមួយបក្សកាន់​អំណាច ព្រោះចំណុចខុសគ្នា​រវាង​គណបក្ស​ទាំងពីរ ដែល​ពលរដ្ឋ​ម្ចាស់​​ឆ្នោត​យកមក​ពិចារណា គឺគណបក្ស​កាន់​អំណា​ច ​ជាអ្នក​ដែល​បានកាន់ការងារ​ជាតិ បង្កើត​​បាន​នូវស្នាដៃ និង​សមិទ្ធផល​ជាច្រើន។ ផ្ទុយទៅ​វិញ​បក្សប្រឆាំងបានត្រឹមតែរិះគន់ វាយ​ប្រហារ នូវ​ចន្លោះ​ប្រហោង ដែលរដ្ឋាភិបាល មិនទាន់​អាចបំពេញបាន និងទាក់ទាញការគាំទ្រ​ពីពលរដ្ឋ ប៉ុន្តែជាក់ស្តែង​ពួកគេមិនដែល​មានស្នា​ដៃ​អ្វីបន្តិច​សោះ ​សម្រាប់​ជាតិ​មាតុភូមិ។

មួយវិញ​ទៀតអ្នកវិភាគ​សង្គមជាច្រើន​យល់​ឃើញស្របគ្នា​ថា ការធ្លាក់ចុះ​នូវប្រជាប្រិយភាព​របស់គណបក្ស​​កាន់​អំណាច​កន្លងមក មិនមែន​ដោយសារតែភាព​ខ្លាំងរបស់គណបក្សប្រឆាំងនោះទេ ប៉ុន្តែការ​ធ្លាក់​ចុះ​នោះ គឺ​ដោយ​សារតែកំសោយ​ការ​គ្រប់គ្រង​មន្ត្រីថ្នាក់ក្រោម ពិសេសមន្ត្រីដែលកាន់​ការងារ​នៅមូលដ្ឋាន ដែលបានបង្កការមិនពេញ​ចិត្តពី​​ពលរដ្ឋ​ និងការមិនសូវចាប់អារម្មណ៍លើបណ្តាញសង្គម Facebook។ មួយវិញ​ទៀត ការធ្លាក់ចុះនូវ​សំលេងឆ្នោតគាំទ្រ​គណបក្ស​កាន់​អំណាច​ ក៏មិនឆ្លុះ​បញ្ចាំងថា ពលរដ្ឋ​កម្ពុជា​​មិនពេញ​ចិត្ត​រដ្ឋាភិបាល​នោះដែរ ព្រោះពលរដ្ឋ​ខ្មែរ​ភាគច្រើន នៅតែ​បន្តបោះឆ្នោតគាំទ្រ​បក្សកាន់​អំណាច​ឱ្យដឹកនាំប្រទេស​ដដែល។

អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា បានបង្ហាញទស្សនៈដូចៗគ្នាថា នៅរយៈពេលចុង​ក្រោយ​​​​​​​​​នេះ រដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដែលបានផ្តល់នូវការជឿជាក់ និង​ទំនុក​​ចិត្តកាន់តែ​ខ្ពស់​ដល់ពលរដ្ឋ។ រដ្ឋាភិបាលបានរុះរើគណៈរដ្ឋមន្ត្រី ដោយបានផ្លាស់ប្តូរ​ដំណែង​រដ្ឋ​មន្ត្រី​សំខាន់ៗជាច្រើន ហើយបានជំនួសដោយរដ្ឋមន្ត្រីថ្មីៗ ដែលមានសមត្ថភាពបំពេញ​ការងារ​កាន់​តែខ្ពស់។ រដ្ឋាភិបាល បានធ្វើកំណែទម្រង់គ្រប់វិស័យ ឱ្យកាន់តែមាន​ប្រសិទ្ធភាព ដូចជាការ​ប្រមូល​​ពន្ធ វិស័យអប់រំ យោធា បរិសា្ថន កសិកម្ម ពាណិជ្ជកម្ម ការបរទេស មហាផ្ទៃ ទេស​ចរណ៍។​ល។ ក្រៅពីនេះការកែសម្រួលកាន់តែប្រសើរឡើង នូវសេវាសាធារណៈ​ជូនប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន ដោយរឹតបណ្តឹង​កាន់តែខ្លាំងឡើង ចំពោះភាពអសកម្មរបស់មន្ត្រីសមត្ថកិច្ច​ អាជ្ញាធរ​មូលដ្ឋាន នៅ​តាម​ភូមិឃុំជាដើម។

ជាងនេះទៅទៀត យុទ្ធនាការ២៥រាជធានី ខេត្ត ក្រុង របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​គេយល់ឃើញថា ពិតជា​​មានប្រយោជន៍យ៉ាងខ្លាំង ក្នុងដំណើរ​​ការ​ប្រមូលព័ត៌​មាន​ពិត របស់រដ្ឋា​ភិបាល​​ដើម្បីកែ​ទម្រង់​កិច្ច​ការ​របស់ខ្លួន។ លើសពីនេះពលរដ្ឋកម្ពុជា​​ភាគច្រើនលើសលុប​បានបង្ហាញ​ការគាំទ្រ និងសាទរយ៉ាង​ខ្លាំង​ចំពោះយុទ្ធនាការនេះ។ ពលរដ្ឋកម្ពុជា​នៅតាមបណ្តា​រាជធានី​ខេត្ត​នានា គ្រប់និន្នាការ​នយោបាយ​បាន​សម្តែងសុទិដ្ឋិនិយមដូចគ្នាថា វត្តមាន​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន ពិតជា​ផ្តល់​ផលប្រយោជន៍​​ជា​ច្រើន​ដល់ពួកគាត់។

ជាក់ស្តែង​គឺមាន​ដំណោះ​ស្រាយភ្លាមៗ និងមាន​ប្រសិទ្ធ​​ភាពខ្ពស់ ដូចជាការ​សាង​សង់ផ្សារ​តាមបណ្តាខេត្ត​មួយ​ចំនួន និងបានចេញសារាចរ ស្តីពីការ​គ្រប់​គ្រង​ផ្សារទូទាំង​ប្រទេស ដោយបងប្អូនអាជីវករ​ទាំងអស់​អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់តកូន​តចៅបាន។​ កំឡុងពេល​ចុះ​តាម​​បណ្តាខេត្តនេះដែរ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តល់នូវសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ​ ដោះ​ស្រាយ​បញ្ហាដីធ្លី រួមទាំង​សំណូមពរ​​ជាច្រើនទៀត​យ៉ាងយក​ចិត្ត​ទុក​ដាក់បំផុត។ ជាមួយគ្នានេះ ការប្រើ​ប្រាស់​បណ្តាញសង្គម Facebook របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ជាយុទ្ធសាស្ត្រ​នៃកំណែទម្រង់​ដ៏ពេញនិយម ដែលបានដោះស្រាយ​បញ្ហានានាជាច្រើន​ជូនពលរដ្ឋ និងទទួលបាន​ការ​គាំទ្រ​ខ្លាំង ជាពិសេសក្នុ​ង​ស្រទាប់​​យុវវ័យតែម្តង។

ងាកមកមើលគណបក្សប្រឆាំងវិញ គេសង្កេតឃើញថា បក្សមួយនេះ ទទួលរងការរិះគន់ពីអ្នក​វិភាគ​នយោបាយ និងសង្គមយ៉ាងច្រើនពិសេសនៅអាណត្តិទី៥នេះ។ ជាក់ស្តែងអ្នកវិភាគឯករាជ្យ​ជាច្រើន​ដែល​គេតែងដឹងថា បានគាំទ្របក្សប្រឆាំងនោះ ក៏បានសំដែងការខកចិត្ត និងស្តីបន្ទោស​ជាញឹក​ញយ​ចំពោះមេដឹកនាំបក្សប្រឆាំង។ បក្សប្រឆាំងត្រូវបាន​អ្នកគាំទ្រជា​ច្រើន​បង្ហាញការ​មិនពេញចិត្ត​យ៉ាង​ខ្លាំង នៅពេលដែលមេដឹកនាំបក្សនេះ សន្យាថា មិនចូលសភា ប៉ុន្តែពួកគេបែរ​ជា​ចូលសភា​ទៅ​វិញ ដោយសារតែអំណាច តួនាទី និងប្រាក់ខែ (ក្បត់ឆន្ទៈរាស្ត្រ) ហើយពេល​បានចូល​សភា បើកប្រាក់​ខែ​មួយខែៗជាង១០ម៉ឺនដុល្លារ ប៉ុន្តែអ្នកតំណាងរាស្ត្របក្សប្រឆាំង គឺមិនបានទៅបំពេញការងារ​តាម​តួនាទី ដែល​ពលរដ្ឋបោះឆ្នោតឱ្យឡើយ។ បក្សប្រឆាំង បាន​បង្ហាញកន្ទុយកាន់តែច្បាស់ ដោយបញ្ចេញនូវ​ចេតនា​បំផ្លាញ​ពលរដ្ឋខ្មែរខ្លួនឯង ព្រោះតែចង់​ធ្វើ​បាប​រដ្ឋាភិបាល ដោយពួកគេកាន់តែបើកចំហរ​ឡើង​នូវភាពអាក្រក់របស់ខ្លួន ដូចជាការ​ទាមទារ​ឱ្យបរទេសដាក់គំនាបលើកម្ពុជា ផ្តាច់ជំនួយ​ និងបិទទីផ្សារ​ជាដើម។

មេដឹកនាំបក្សប្រឆាំង មិនដែល​បានហៅអ្នកវិនិយោគគិន មក​វិនិយោគនៅកម្ពុជានោះទេ ប៉ុន្តែ​ពួក​គេ​បែរ​ជាធ្វើ​ឱ្យកម្មករ​អស់សង្ឃឹម តាមរយៈការញុះញង់ បណ្តេញ​អ្នកវិនិយោគចេញ​ពីកម្ពុជាទៅ​វិញ។ ការសន្យាខ្យល់​មិនបានអនុវត្ត​តាម ក៏​ជាដើមចមនៃការខឹង​សម្បារបស់អ្នកគាំទ្របក្សប្រឆាំងដែរ ព្រោះ​គោលនយោបាយ សន្យា​ខ្យល់​គ្មានការពិតរបស់ពួកគេ ត្រូវបានលាតត្រដាងបន្តិចម្តងៗ ដូចជា​សន្យាផ្តល់​លុយឱ្យចាស់ៗ​១ខែ៤ម៉ឺនរៀល ការសន្យាចែកមេគោឱ្យពលរដ្ឋ ការសន្យាទាមទារប្រាក់​ខែ​​ឱ្យកម្មករ ១៦០ដុល្លារ និង​ការសន្យា​ដំឡើង​ប្រាក់ខែមន្ត្រីរាជការ១លានរៀល។

ប៉ុន្តែចំណុចមួយចំនួន ដែល​បក្សប្រឆាំង​យកទៅឃោសនា​បោកពលរដ្ឋ បែរ​ជារដ្ឋាភិបាលយកទៅអនុវត្តទៅវិញ ជាក់សែ្តង​ការចរចារ​ដំឡើង​ប្រាក់​ខែកម្មករកាន់តែខ្ពស់ ការសំរួលដល់ជីវភាពកម្មករ តាមរយៈការបញ្ចុះ​ថ្លៃ​អគ្គិសនី ទឹក និងផ្ទះជួល និងការដំឡើងបៀវត្សជូនមន្ត្រីរាជការស៊ីវិលជាដើម។ ការធ្លាក់ចុះ​នូវ​​ប្រជា​ប្រិយភាព កាន់តែខ្លាំងពីអ្នកគាំទ្រ របស់បក្សប្រឆាំង គឺមេដឹកនាំបក្សនេះ បានសន្យាថា និង​រួមធ្វើ​កិច្ចការ​ជាមួយរដ្ឋាភិបាល ដោយប្រើប្រាស់វប្បធម៌​សន្ទនាជាយន្តការជួយ អភិវឌ្ឍន៍ជាតិ ប៉ុន្តែ​ទី​បំផុត​​​មេដឹកនាំបក្សប្រឆាំង ដែលបច្ចុប្បន្នបានក្លាយជាទណ្ឌិត បានបំផ្លាញការសន្យា​របស់ខ្លួន​ចោល ដោយជាន់ឈ្លីវប្បធម៌សន្ទនា ដោយខ្លួនឯង។ សកម្មជនបក្សប្រឆាំងជាច្រើន​ត្រូវបាន​គេ​មើល​ឃើញ​ថា បានបាក់ទឹកចិត្តយ៉ាងខ្លាំង នៅពេលដែលមេដឹកនាំរបស់ខ្លួន បានត្រឹម​តែរុញ​ពួកខ្លួន​ឱ្យជាប់​គុក ដោយគ្មានដំណោះស្រាយ (មេដឹកនាំគ្មានទំនួល​ខុសត្រូវ)។ ជាមួយនេះបក្ស​ប្រឆាំង​ក៏កំពុង​ជួបវិបត្តិ​ក្បាល​ម៉ាស៊ីនដឹកនាំ ជម្លោះរវាងបក្សទាំងពីរ ដែលបញ្ចូលគ្នាជាបក្សតែមួយ បញ្ហាអំពើ​ពុករលួយ បក្ខពួក​និយមក្នុងបក្ស អំពាវឱ្យប្រជាពលរដ្ឋឈរឈ្មោះបោះឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំសង្កាត់ ដែលទាត់​ចោល​តម្លៃអ្នកចាស់ ធ្វើឱ្យបាក់ទឹកចិត្ត រហូតមានសកម្មជន​តាមខេត្ត​មួយ​ចំនួន បានសុំ​ចុះ​ចូល​ជាមួយបក្សកាន់អំណាច។ ជាងនេះទៅទៀត ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា​ មេដឹកនាំបក្សប្រឆាំងកាន់​តែ​ធ្លាក់​ចុះខ្លាំង ដោយ​ម្នាក់ជាប់ពាក់ព័ន្ធនឹង​រឿងអាស្រូវស្រីញី និងម្នាក់ទៀត​មាន​បណ្តឹងរួតរឹត​ពេញ​ខ្លួន ធ្វើឱ្យអ្នកគាំ​ទ្រ​អស់ជំនឿ ហើយមេដឹកនាំបក្សប្រឆាំងទាំងពីរ គឺជាអ្នកបញ្ចប់​ជីវិត​នយោ​បាយ​របស់​​ខ្លួន​​​ដោយ​ខ្លួនឯង។
សរុបមក មជ្ឈដ្ឋានទូទៅទាំងពលរដ្ឋ និងអ្នកវិភាគសា្ថនការណ៍នយោបាយនៅកម្ពុជា មើល​ឃើញ​​ស្រដៀងគ្នាថា បើគណបក្សកាន់អំណាចកាន់តែខំប្រឹងបំពេញ ការងាររបស់ខ្លួន​បានកាន់​តែល្អ គឺបក្ស​​​ប្រឆាំងនឹងកាន់តែចុះខ្សោយទៅៗ ហើយកំណែទម្រង់កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធ​ភាព​របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន គេរំពឹងថា អាចទម្លាក់ប្រជាប្រិយភាព​របស់បក្សប្រឆាំង​ ឱ្យធ្លាក់​ដល់កម្រិត​ទាប​​បំផុត ឬស្ទើរ​តែ​រលាយបក្ស។ ដូច្នេះក្រៅពី​ធ្វើនយោបាយជេរបញ្ចោរ វាយប្រហារ បំភ័ន្តបំភ្លៃ លាបពណ៌ និងដុត​កំ​ហឹង​ជាតិសាសន៍​លើ​បក្ស​កាន់អំណាច បក្សប្រឆាំងគួរតែ​បង្កើតយុទ្ធ​សាស្ត្រ​ថ្មី​ ដើម្បីប្រកួត​ប្រជែង​ជាមួយ​បក្សកាន់អំណាច ជាពិសេស​ត្រូវគិតគូរឡើងវិញពីបេក្ខភាពថ្មី ដើម្បីដឹកនាំក្បាល​ម៉ាស៊ីន​បក្ស ជំនួសឱ្យ​មេបក្ស ដែលជាទណ្ឌិតបាត់បង់សិទ្ធិធ្វើនយោបាយ៕

ដោយ៖ អ្នកវិភាគតុកាហ្វេ