(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលដៅនៃការអប់រំមិនមែនដើម្បីតែបានប្រាក់ខែនោះទេ តែក៏ត្រូវបណ្ដុះសីលធម៌ ឥរិយាបថល្អ កសាងភាពជាពលរដ្ឋល្អផងដែរដល់សិស្សានុសិស្ស និស្សិត យុវជន ដើម្បីសង្គមជាតិទទួលបានមូលធនមនុស្សមានសីលធម៌ គុណធម៌ និងការគោរពគ្នាទៅវិញទៅមក។

ការបញ្ជាក់នេះក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២២-២០២៣ សរុប១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស១៨នាក់ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សម្ដេចធិបតីបានឱ្យដឹងថា ចំពោះរាជរដ្ឋាភិបាល ការកសាងមូលធនមនុស្ស និងការអប់រំនេះ ត្រូវគិតឆ្លើយសំណួរ២៖ (ទី១) តើការអប់រំដើម្បីអ្វី? តើធនធានមនុស្សបែបណាដែលយើងចង់បាន? (ទី២)តើយើងត្រូវធ្វើបរិស្ថានបែបណា ដើម្បីឱ្យធនធានមនុស្សដែលយើងកសាងបាននេះ មានឱកាសលូតលាស់ អាចប្រើប្រាស់បានតាមសក្ដានុពល និងលើកទឹកចិត្តការកសាងធនធានមនុស្សជាមូលធនមនុស្សល្អសម្រាប់ជាតិតទៅទៀត។ សម្ដេចបានបញ្ជាក់ដែរថា «សំណួរទាំង២នេះ ត្រូវបានគិតនៅក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

សម្ដេចធិបតីបានបន្តថា ម្សិលមិញមានមតិមួយលើកឡើងថា «តើការអប់រំមនុស្សដើម្បីតែបានប្រាក់ខែខ្ពស់មែនឬទេ?» «ទាល់តែបានប្រាក់ខែខ្ពស់ បានខំរៀនមែនទេ?» សម្ដេចធិបតីបានពន្យល់ថា ពិតណាស់ ការលើកកម្ពស់ជីវភាពប្រជាជន បង្កើនសមត្ថភាពឱ្យប្រជាជនអាចមានលទ្ធភាពចាប់យកជំនាញទៅបង្កើនផលិតភាព និងបង្កើតអាជីពបានល្អ គឺជាគោលដៅធំរបស់យើងប្រាកដមែន ប៉ុន្តែវាមិនជាជ្រុងតែ១នោះទេ។

សម្ដេចធិបតីបានបញ្ជាក់ថា ការអប់រំ គឺមានគោលដៅ៤ ឬហៅថា «ចតុស្ដម្ភ» គឺត្រូវអប់រំមនុស្សឱ្យក្លាយជាពលរដ្ឋល្អ យល់អំពីស្ថានភាពជុំវិញខ្លួន អាចសម្រេចចិត្តដោយគ្រប់ជ្រុងជ្រោយ រៀនដើម្បីចេះធ្វើ បង្កើតជំនាញបំនិនដើម្បីធ្វើការងារបានពិតប្រាកដ រៀនដើម្បីជាពលរដ្ឋមានសីលធម៌ មានចំណេះ ជំនាញ រស់នៅក្នុងប្រកបដោយសុខដុមរមនា ទាំងនេះជាគោលដៅនៃការអប់រំ មិនមែនតែដើម្បីជំនាញរឹងមួយមុខនោះទេ តែក៏ដើម្បីជំនាញទន់ផងដែរ។

ការអប់រំមនុស្ស មិនមែនដើម្បីតែចំណេះដឹង បទពិសោធន៍ការងារ តែក៏ដើម្បីអប់រំឥរិយាបទផង នេះហើយជាគោលដៅនៃការអប់រំ ដែលយើងហៅថា ចតុស្ដម្ភនៃការអប់រំ ឬគោលដៅ៤នៃការអប់រំ។ ដូច្នេះអប់រំមនុស្សម្នាក់ មិនមែនត្រូវតែឱ្យគាត់ចេញទៅ មានការងារធ្វើ បានប្រាក់ខែខ្ពស់នោះទេ តែពួកគាត់ក៏អាចចូលរួមកសាងសង្គម ការងារស្ម័គ្រចិត្ត ដោយមិនគិតពីផលប្រយោជន៍។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើគិតតែពីកម្រៃ គិតតែពីផលប្រយោជន៍ នោះនឹងបាត់គោលដៅ៣ជ្រុងទៀត ពិសេសបាត់សីលធម៌-គុណធម៌ និងការរស់នៅគោរពគ្នា៕