(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសហការី ចូលរាយការណ៍ពីវឌ្ឍនភាពរបស់ក្រសួងស្តីពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៅវិមានរដ្ឋសភា។

លោករដ្ឋមន្ត្រី បានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីដើមអាណត្តិទី៧។ ក្នុងនោះ លោករដ្ឋមន្ត្រីបានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍៦ចំណុចដែលក្រសួងបានអនុវត្តគ្រប់ជ្រុងជ្រោយនៅមុនបំណាច់ឆ្នាំ២០២៣ និងអនុសាសន៍៤ចំណុចដែលនឹងត្រូវធ្វើបន្តតាមផែនការដែលបានដាក់។

ក្រោយបានស្តាប់សេចក្តីរាយការណ៍ លោកស្រី ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសម្រេចយ៉ាងច្រើនក្នុងដើមអាណត្តិទី៧នេះ៕