(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នវិក្រឹតការនាយទាហាន ជំនាន់ទី៧ នៅវិទ្យាស្ថានទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ថ្លុកតាសេក ក្នុងខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតនៈ នាយករងវិទ្យាស្ថានទ័ពជើងគោក បានគូសបញ្ជាក់ថា អនុវត្តតាមសច្ចាប័នរបស់អគ្គបញ្ជាការស្ដីពីការហ្វឹកហ្វឺនបណ្តុះបណ្តាលវគ្គបំប៉នវិក្រឹតការនាយទាហាន ជំនាន់ទី៧ ឆ្នាំ២០២៣ វិទ្យាស្ថានបានទទួលបទបញ្ជាឱ្យធ្វើការបណ្តុះបណ្តាលវគ្គបំប៉នវិក្រឹតការនាយទាហានជំនាន់ទី៧ មួយវគ្គ មានរយៈពេល០៤ខែ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលមានសិក្ខាកាមមកពីគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ចូលមកហ្វឹកហ្វឺន ចំនួន ១២៧នាក់ លើកម្មវិធីហ្វឹកហ្វឺនជាក់ស្តែង៨៣ថ្ងៃ ដែលមានមុខវិជ្ជាហ្វឹកហ្វឺន, អប់រំនាយ, បទវិន័យទូទៅ, លិខិតបទដ្ឋានគតិយុត្តិ, ចំណេះដឹងយោធា, ការយល់ដឹងប្រភេទទ័ព ស្ថាប័នចំណុះក្រសួងការពារជាតិ និងចំណុះអគ្គបញ្ជាការ, ការប្រឡង និងអនុវត្តការងារផ្សេងៗ។

ក្រោយឆ្លងកាត់សកម្មភាពហ្វឹកហ្វឺនរយៈពេល ០៤ខែ កម្មសិក្សាការីទាំងអស់ទទួលបានលទ្ធផល និទ្ទេសល្អណាស់ ២នាក់,និទ្ទេសល្អ ១០៥នាក់ និងនិទ្ទេសល្អបង្គួរ ១៤នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការល្អ របស់គណៈគ្រប់គ្រងវិទ្យាស្ថាន-យោធាចារ្យ និងអ្នកបម្រើការ ដែលបានយកអស់ពីកម្លាំងកាយចិត្ត ផ្ទេរនៅចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ដែលខ្លួនមានឱ្យដល់សិកា្ខកាមវគ្គបំប៉នវិក្រឹតការនាយទាហានជំនាន់ទី៧ ទុកជាទុនសម្រាប់ជីវិតក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កងយោធពលខេមរភូមិន្ទ ក្នុងការបំពេញកាតព្វកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសចូលរួមក្នុងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រទេស តែងតែគិតគូរយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់កងយោធពលខេមរភូមិន្ទ លើការបណ្ដុះបណ្ដាលធនធានមនុស្ស លើគ្រប់ជំនាញ និងការធ្វើទំនើបកម្ម ដើម្បីឱ្យកងទ័ពកម្ពុជា មានគ្រប់លទ្ធភាព បំពេញភារកិច្ចបម្រើជាតិ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ និងការពារអធិបតេយ្យបូរណភាពទឹកដីរបស់កម្ពុជាបានរឹងមាំ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមថា ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវចក្ខុវិស័យការពារជាតិ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធានាដល់ភាពរឹងមាំ រៀបរយ និងចីរភាពនៃការទំនើបកម្មលើវិស័យការពារជាតិ ក្រសួងការពារជាតិ និងអគ្គបញ្ជាការចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅធ្វើឱ្យកងទ័ពក្លាយជាកម្លាំងការពារជាតិដ៏រឹងមាំ មានសមត្ថភាព និងគុណភាពគ្រប់គ្រាន់ មានវិន័យម៉ឺងមាត់ ស្មោះត្រង់ចំពោះជាតិ មាតុភូមិ មានការប្តេជ្ញាចិត្តខ្ពស់ និងត្រៀមខ្លួនជានិច្ច ក្នុងកិច្ចការពារសន្តិភាព សន្តិសុខ និងសុវត្ថិភាពសង្គមជាតិ ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ក្នុងបរិបទដែលប្រទេសជាតិមាន សុខសន្តិភាព ពេញ​លេញ វាជាឱកាសដ៏មានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទ ធ្វើការហ្វឹក​ហ្វឺន ពង្រឹងសមត្ថភាពជំនាញឱ្យកាន់​​តែមុតស្រួច ក្នុងបុព្វហេតុបម្រើជាតិ ការពារមាតុភូមិ ។​ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពា​រ​​ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល​ស្រប​ច្បាប់ និងការពារ​ឱ្យ​​ខានតែបាន​នូវសន្តិភាព​​ ទោះស្ថិតក្នុងតម្លៃណាក៏ដោ​យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា៖ «ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយដ៏មានសារៈសំខាន់បំផុត នៅក្នុងការកែទម្រង់កសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ពីព្រោះថាការហ្វឹកហ្វឺន គឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ ទាំងការកសាង និងបង្កើនសមត្ថភាព ការថែរក្សាគ្រឿងបំពាក់ និងការធានានិរន្តរភាពការងារ»។​

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន យោធាចារ្យ ដែលកំពុងបម្រើការងារក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ ពិសេសនិស្សិតនាយទាហានគ្រប់ជំនាន់ ដែលកំពុងបំពេញកម្មសិក្សានៅទីនេះ និងសិក្ខាកាមនៃវគ្គបំប៉នវិក្រឹតការនាយទាហានជំនាន់ទី៧ ដែលត្រូវបញ្ចប់វគ្គនៅថ្ងៃនេះ សូមបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវភារកិច្ច បន្តបង្កើនការយកចិត្ដទុកដាក់ពង្រឹងពង្រីកសមត្ថភាព ការពារនិងថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខជាតិ អនុវត្តឱ្យបានម៉ឺងម៉ាត់ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងវិទ្យាស្ថានទ័ពជើងគោក ដែលបានប្រគល់ឱ្យដើម្បីចូលរួមថែរក្សាការពារ សុខសន្តិភាព ការពារបូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព ទប់ស្កាត់អំពើភេរវកម្ម និងបង្ក្រាប​​​បទល្មើសនានាដែលបង្កអស្ថេរភាព​ក្នុង​សង្គមជាតិ៕