(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន, លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក KARUBE Masakazu ប្រធានអង្គការ Japan Mine Action Service_JMAS ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ជាបឋម ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបាត់បង់អាយុជីវិត និងទទួលរងគ្រោះថ្នាក់ ក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រយៈពេលជាង ៣០ឆ្នាំ ក្នុងនោះអង្គការ JMAS បានចូលរួម ចាប់តាំងពីឆ្នាំ២០០២ និងបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានប្រមាណជាង ១៧គីឡូម៉ែត្រក្រឡា ក៏ដូចជាចូលរួមដល់កិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង។ ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា សកម្មភាពមីន គឺជាកិច្ចការចំាំបាច់ក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ មុននឹងចាប់ផ្តើមការងារបោសសម្អាតមីន ប្រជាពលរដ្ឋ តាមមូលដ្ឋានមួយចំនួន មិនមានដីសុវត្ថិភាពប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល ប៉ុន្តែបច្ចុប្បន្ននេះ តំបន់មួយចំនួននៅប្រទេសកម្ពុជា បានទទួលដីសុវត្ថិភាពគ្រប់គ្រាន់ ហើយជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ លទ្ធផលទាំងនេះ បានមកពីការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងនោះប្រទេសជប៉ុនគឹជាដៃគូរមួយយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន។

ក្នុងនាមជប៉ុនជាមិត្តវិស័យមីនដ៏លេចធ្លោមួយរយៈពេលជាង ៣០ឆ្នាំ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញា អូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែត្រូវការការគាំទ្រពីប្រទេសជប៉ុន ក៏ដូចជាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។

លោក KARUBE Masakazu បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ចំពោះការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌របស់អង្គការ JMAS នៅកម្ពុជា ក្រោមភាពជាដៃគូរជាមួយមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា។ លោកបានបន្តលើកឡើងថា អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួន៕