(កែប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមក្នុងពិធីប្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «ព្រះពុទ្ធអភយមុទ្រៈ» មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។

ក្នុងពិធីនោះមានការចូលរួមពីលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយបានរួមគ្នា និងមានសុទ្ធាជ្រះថ្លាចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធអភយមុទ្រៈ ដែលមានកម្ពស់៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើមនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុកជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ខេត្តកែប។

«ប្រុងពលី» ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរតែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗនៅក្នុងជំនឿ និងទំនៀមទម្លាប់ខ្មែរ។ «ប្រុង» មានន័យដូចនឹង «រៀបចំ» ដែរ ឧទាហរណ៍អ្នកស្រុកអង្គរច្រើននិយាយ «ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន?)» រីឯ «ពលី» មានន័យថា «ការបូជា, ពលិកម្ម» និយាយឱ្យងាយយល់ គឺយើងត្រូវខាតបង់អ្វីមួយដើម្បីទៅដល់ទិសដៅថ្មីមួយ៕