(ភ្នំពេញ)៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា របាយការណ៍ក្រសួងមហាផ្ទៃ រយៈពេលមួយសប្ដាហ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន៥៧ករណី ដែលបណ្ដាលឲ្យស្លាប់ចំនួន២២នាក់ និងរងរបួស៧៧នាក់ គិតពីថ្ងៃទី០២ ខែមករា មកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា មិនខុសពីឆ្នាំ២០២៣ ទាំងមូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ច្រើនជាងគេដដែល ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របស់យើងកាន់តែរីកចម្រើនជាលំដាប់។

លោកបានបន្ថែមទៀតថា ជាទិសដៅអាទិភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ។ ជាបន្តបន្ទាប់ ឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។

អ្នកនាំពាក្យរងរូបនេះ បន្តថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្តកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ បណ្ដាលមក ពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ។ ជារួម កង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ ជាដើម -ល- ដែលទាមទារឲ្យមានការចូលរួមព្រមគ្នា ដើម្បីដោះស្រាយ៕