(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានល្អប្រសើរគួរជាទីមោទន។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន១,៦៩១នាក់ នៅព្រឹកមិញនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដូចគ្នាផងដែរ ចំពោះការរៀបចំ និងដំណើរការប្រឡងសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត៣ ដែលបានប្រព្រឹត្តទៅ ហើយទទួលបានលទ្ធផលល្អប្រសើរ ដូចការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែរនោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ក្នុងការរៀបចំ និងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ និងការប្រឡងសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត៣ ដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទន»

តាមរយៈលទ្ធផលល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាវឌ្ឍន៍ភាពមួយដ៏ល្អប្រសើរនៃការធ្វើកំណែទម្រង់ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់» ចាប់តាំងពីឆ្នាំ២០១៤ ពោលដែលមានរយៈពេលជិត១០ឆ្នាំ ខណៈគ្រាដំបូងនៃការធ្វើកំណែទម្រង់នេះ អ្នកជាប់មានចំនួនតិចប្រមាណ២០ភាគរយ ហើយប្រឡងដល់ទៅ២ដងឯណោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រហូតមកដល់សម័យប្រឡង២០២៣ មានអ្នកជាប់កើនដល់ជាង៧០ភាគរយ ហើយនិទ្ទេស A ជិត១៧០០នាក់។ នេះមានន័យថា ការធ្វើកំណែទម្រង់នេះមានចីរភាព ពោលសង្គមទាំងមូលបានគាំទ្រ និងទទួលនូវការធ្វើកំណែទម្រង់នេះ ហើយយកជាវប្បធម៌ថ្មីសម្រាប់ធ្វើការប្រឡង ដែលនេះគឺជាជោគជ័យរួមសម្រាប់យើងទាំងអស់គ្នា។

បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កិច្ចការនេះមិនអាចមាននិរន្តរ៍ភាព និងចីរភាពនោះទេ បើមិនមានការចូលរួម និងគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋានទាំងអស់នោះ ពោលប្រសិនបើប្រជាពលរដ្ឋមិនសាទរជាមួយការកែទម្រង់ ហើយធ្វើបាតុកម្មប្រឆាំងនោះម្ល៉េះ ប្រហែលជាត្រូវកែឡើងវិញតាំងពីពេលនោះ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះតាមបណ្ដារាជធានី-ខេត្ត ដែលបានចូលរួមជំរុញដល់កិច្ចការងារប្រឡង និងបង្កលក្ខណៈក្នុងការរៀបចំត្រៀមប្រឡង ហើយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងបរិស្ថាន ជួយទំនុកបម្រុងដល់សាលារៀននៅតាមមូលដ្ឋានជាច្រើន។

សូមរំលឹកថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាន​និទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់៕