(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានចារឯកភាពឱ្យក្រសួង៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ នៅមជ្ឈមណ្ឌល ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សម្តេចធិបតី ហ៊ុន ម៉ានណែត ក៏បានលើកឡើងថា នៅក្នុងវិធានការគន្លឹះចំនួន៥ ដែលសម្តេចបានដាក់ចេញ គឺវិធានការគន្លឹះទី១ គឺការធ្វើកំណែទម្រង់ និងបង្កើនប្រសិទ្ធភាពសាធារណៈ ហើយក្នុងនោះមានកិច្ចការងារចំនួន៣ ទីមួយពាក់ព័ន្ធការប្រលងជ្រើសរើសមន្ត្រីថ្មី ដែលបានអនុវត្តន៍រួចហើយជាមួយនឹងប្រលងជ្រើសរើសមន្ត្រីកសិកម្មលើកទី១ ដែលមានបេក្ខជន បេក្ខនារីជិត ១ម៉ឺននាក់ ប៉ុន្តែជ្រើសរើសចំនួន២៥០នាក់ប៉ុណ្ណោះ។

ជាមួយនឹងការធ្វើកំណែទម្រង់ដើម្បីជ្រើសរើសមន្ត្រីថ្មីដែលមានសមត្ថភាពបម្រើការងារនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនឹងចំនួនបេក្ខជន បេក្ខនារីជិត១ម៉ឺននាក់ ដែលបានចូលរួមប្រលងមន្ត្រីថ្មីនេះ ច្បាស់ណាស់នឹងមានចំនួនធ្លាក់ច្រើន ប៉ុន្តែ បើទោះបីជាធ្លាក់ក៏បេក្ខជន បេក្ខនារី នឹងទទួលយកដោយអស់ចិត្ត ពីព្រោះការរៀបចំការប្រលងជ្រើសរើសមន្ត្រីថ្មីនេះ គឺធ្វើឡើងសមត្ថភាពពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ានណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អីឡូវល្ងាចមិញខ្ញុំបានចារឯកភាពឱ្យ៥ក្រសួងទៀត ដែលនៅជំពាក់សម្រាប់រើសមន្ត្រីក្របខណ្ឌឆ្នាំ២០២៣ ដែលនៅសល់៥ ស្ថាប័នទៀតប្រលងដែរ ព្រោះកាលដែលយើងបង្កើតរដ្ឋាភិបាលថ្មីមាន៦ស្ថាប័ន ដែលត្រូវប្រលងមានក្រសួងអប់រំ មានប្រលង២តង់ ក្រសួងកសិកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប៉ុន្មានទៀត ខ្ញុំឱ្យរៀបចំនីតិវិធីថ្មីសិន ដើម្បីយើងធ្វើ ហើយវាជារបត់មួយក្នុងការពង្រឹងស្ថាប័ន ដើម្បីលើកទឹកចិត្ត»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់ផ្ទៃក្នុងក្រសួង ស្ថាប័ន ចំពោះយន្តការដែលមានស្រាប់ បូករួមទាំងប្រើប្រាស់មន្ត្រីដែលមានស្រាប់ដើម្បីធ្វើយ៉ាងបង្កើនប្រសិទ្ធភាពការងារ។ ព្រមទាំងផ្តល់ឱកាសការបណ្តុះបណ្តាលបន្ថែម ពង្រឹងបន្ថែម ក៏ដូចជាផ្តល់ឱកាសដល់មន្ត្រីថ្មី ដែលជាគ្រាប់ពេជ្រទើបបណ្តុះបណ្តាល ក្នុងន័យធ្វើយ៉ាងណាក្លាយជាមន្ត្រីដែលមានប្រសិទ្ធភាព សមត្ថភាព។

សម្តេចតេជោ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «បរិមាណរឿងមួយ ប៉ុន្តែ គុណភាពអញ្ចឹងត្រូវបង្កើតបរិស្ថានមួយដែលអាចរីកលូតលាស់ទាំងមន្ត្រីថ្មីដែលរើស ទាំងមន្ត្រីដែលមានស្រាប់ និងប្រព័ន្ធលើកទឹកចិត្តដែលភ្ជាប់ជាមួយនឹងលទ្ធផលការងារ ហើយនេះគឺជាអ្វីដែលយើងត្រូវធ្វើគឺការធានានូវបរិស្ថានមួយដើម្បីលើកទឹកចិត្តដល់អ្នកទាំងអស់គ្នានៅក្នុងការធ្វើ ហើយនេះជាគោលដៅមួយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា មន្ត្រីជាច្រើននៅតាមបណ្តាក្រសួង ស្ថាប័ន ក៏ត្រូវបានបញ្ជូនទៅសិក្សានៅក្រៅប្រទេស និងបានវិលត្រឡប់មកវិញដោយនាំមកនូវចំណេះជំនាញថ្មីៗ សម្រាប់បម្រើប្រទេសជាតិ។ ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើន ក៏ប៉ុន្តែ ការធ្វើកំណែទម្រង់ គឺធ្វើឡើងមិនចេះចប់នោះទេ ពោលត្រូវធ្វើឱ្យជាប់ជាប្រចាំដើម្បីពិនិត្យ វាយតម្លៃផងដែរ៕