(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន១៦៩១នាក់ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ដោយ ម្នាក់ៗទទួលបានកាករូបហង្សចំនួន១, សៀវភៅអានមួយប្រអប់ ដែលមានសៀវភៅក្រមង៉ុយមួយក្បាល និងសៀវភៅបណ្ឌិតអ៊ូចុងមួយក្បាល, ហ្គាឡាក់ស៊ីថែបមួយគ្រឿង (ឧបត្ថម្ភដោយក្រុមហ៊ុន ជីប ម៉ុង) និងថវិកា២លានរៀល។
ការផ្តល់ជូននូវរង្វាន់ដល់សិស្សនិទ្ទេស A នេះ គឺជាការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងការខិតខំរៀនសូត្ររបស់បេក្ខជនទាំងអស់រហូតទទួលបាននិទ្ទេសA។ បន្ថែមពីនេះ សម្តេចថែមទាំងបានផ្តាំផ្ញើឱ្យសិស្សនុសិស្សទាំងអស់បន្តការសិក្សាដោយជោគជ័យសម្រាប់ជាមូលធនមនុស្សដ៏រឹងមាំសម្រាប់មាតុភូមិផងដែរ។
សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរៀនសូត្ររបស់ក្មួយៗទាំងអស់រហូតទទួលបាននិទ្ទេសA និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំទាំងអស់ គ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី មាតាបិតាអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកដល់ការសម្រេចបានជោគជ័យនេះ»។
ទន្ទឹមគ្នានេះដែរ សម្តេចធិបតីបានប្រកាសផ្តល់ជូន នាយក និងនាយិកា របស់គ្រឹះស្ថានសិក្សាដែលចូលរួម កម្មវិធីព្រឹកនេះ ចំនួន ៤២៨នាក់ ដោយម្នាក់ៗទទួលបាននូវប្រាក់មាសស្លឹង្គចំនួន១ សៀវភៅអានមួយប្រអប់ និងថវិកាចំនួន១លានរៀល ព្រមទាំងផ្តល់ថវិកាសម្រាប់សាលាទាំង៤២៨ ចំនួន៣លានរៀលក្នុងមួយសាលាផងដែរ។
សូមជម្រាបផងដែរថា ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសិស្សប្រឡងជាប់សរុប ៩៨,៤៦០នាក់ ស្មើនឹង ៧២.៨៩ភាគរយ។ ក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន ១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេស C ចំនួន ១៨,៣០៨នាក់, និទ្ទេស D ចំនួន ៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន ៣៧,២៦៩នាក់៕