(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កំណែទម្រង់ការប្រលងបាក់ឌុប បាជម្រុះចោលវប្បធម៌អន្តរាគមន៍ និងវប្បធម៌មិនល្អមួយចំនួនទៀត។ សម្តេចធិបតី បានថ្លែងទៀតថា កំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ ដោយលុបចោលរាល់គោលនយោបាយចាស់នោះឡើយ ប៉ុន្តែជាការសម្រួចនូវសមិទ្ធផលបន្ថែម ដើម្បីភាពរីកចម្រើន និងទំនើបកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖

* ការប្រលងនេះស្របតាមគុណាធិបតេយ្យ អ្នកចេះគឺជាប់។ អ្នកប្រឹងប្រែងប្រលង និងប្រលងដោយយកចិត្តទុកដាក់ នឹងបានពិន្ទុខ្ពស់ដូចសិស្សនិទ្ទេស A ។

* ការប្រលង បានធ្វើឲ្យយើងជំនួសនូវវប្បធម៌ និងផ្នត់គំនិតមួយចំនួន គឺទី១ ជំនួសវប្បធម៌អន្តរាគមន៍ ដោយវប្បធម៌ទទួលខុសត្រូវបុគ្គល និងទី២ ជំនួសនូវប្បធម៌ដាក់បន្ទុកអ្នកដទៃនូវទង្វើរបស់ខ្លួន (ឃើញគេប្រើវប្បធម៌អន្តរាគមន៍ ខ្លួនចង់ធ្វើដែរ ដោយសារថាឃើញគេធ្វើបែបហ្នឹង)។

* ជំនួសវប្បធម៌មនោសញ្ចេតនាចង្អៀត ជាមួយមនោសញ្ចេតនាទូលំទូលាយ។ មនោសញ្ចេតនាទូលំទូលាយ គឺការប្រលងដោយមិនមានខ្សែ និងមិនមានខ្នង។

* ជំនួសការជឿទុកចិត្តទៅលើអ្នកដទៃ ឬរបស់ក្រៅខ្លួន ដូចជាប្រុយយ៉ុង (សំណៅឯកសារ) ដោយទុកចិត្តលើសមត្ថភាពក្នុងខ្លួន របស់យើង។ អីចឹង ការប្រលងនេះ បង្កើតនូវប្បធម៌ទុកចិត្តលើខ្លួនឯង ជាជាងទុកចិត្តលើអ្វីក្រៅខ្លួន។

បើតាមប្រសាសន៍សម្តេចធិបតី ការប្រលងបាក់ឌុប ឆ្នាំ២០១៤ កំណែទម្រង់នោះ មិនមែនជាការធ្វើបដិវត្តន៍ទេ ពោលគឺជាការកំណែទម្រង់ពង្រឹង និងសម្រួច នូវសមិទ្ធផលបន្ថែម ដើម្បីរីកចម្រើន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សម្តេចបានចារឯកភាពឱ្យក្រសួង ៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។

សូមជម្រាបថា ឆ្នាំសិក្សា២០១៣-២០១៤ គឺជាឆ្នាំចាប់ផ្តើមធ្វើកំណែទម្រង់ ការប្រលងមធ្យម​ទុតិយភូមិ ហៅថាបាក់ឌុប ដ៏តឹងរឹងបំផុត របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់​ឌុប​នេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល៕