(ព្រះវិហារ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅខណៈពេលនេះ វេលាម៉ោងប្រមាណ៧៖៥០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងជួបសំណេះសំណាលកងកម្លាំងយោធា នៅកងពលធំលេខ៣ និងបណ្តាអង្គភាពដែលបាននិង កំពុងឈរជើងការពារទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅទិសប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ។
សូមជំរាបថា នៅព្រឹកមិញ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ពេលនេះខ្ញុំកំពុងបន្តដំណើរឆ្ពោះទៅកាន់ទីបញ្ជាការកងពល ធំទី៣ ដែលនៅមិនឆ្ងាយពីប្រាសាទព្រះវិហារ។ ខ្ញុំនឹងជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ បណ្តាអង្គភាពដែលបាននិង កំពុងឈរជើងការពារទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅទិសប្រាសាទព្រះវិហារ។ តាមការគ្រោងទុក ខ្ញុំនឹងបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលសមិទ្ធផលសង្គមជាតិដែលយើងបានរួមគ្នាកសាង និងដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ដូចដែលខ្ញុំ បានធ្វើជាមួយខេត្តនានាកន្លងមក។
ដំណើរក្នុងសប្តាហ៍នេះផ្លូវឆ្ងាយ និងការងារច្រើន សុំអធ្យាស្រ័យពីបងប្អូនជនរួមជាតិដែលខ្ញុំ មិនបានចុះសួរទុករាប់ទាំងអាជីវករ ដែលលក់ដូរនៅតាមផ្សារ នៃខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងនៅទីរួមខេត្តព្រះវិហារផងដែរ»៕