(ព្រៃវែង)៖ «ទួលប្រធាតុប្រាសាទព្រៃដើមស្រុក» គឺជាឈ្មោះប្រាសាទបុរាណមួយ ដែលមានអាយុកាលរាប់រយឆ្នាំ និងជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ស្ថិតនៅស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរមូលដ្ឋាន កំពុងបណ្ដោយឲ្យឈ្មួញជីក យកអាចម៍ដីលក់ក្រោមរូបភាពស្តារស្រះ ដើម្បីអភិវឌ្ឍន៍ផ្លូវ ដែលធ្វើឲ្យមានការប៉ះពាល់ ដល់តួប្រាសាទយ៉ាងខ្លាំង ហើយនឹងអាចឈានទៅដល់ការបាត់បង់រូបភាពទៀតផង បើគ្មានការទប់ស្កាត់ទាន់ពេលវេលានោះទេ។
ទីទួលប្រាសាទព្រៃដើមស្រុក គឺជាប្រាសាទបុរាណមួយ ដែលបច្ចុប្បន្នកំពុងតែឈរបង្ហាញរាងយ៉ាងត្រដាបត្រដួស នៅក្រោមទំងន់សង្កត់ដ៏ធ្ងន់របស់ដើមពោធិ៍ដ៏ធំមួយ ព្រមទាំងមានដើមឈើធំៗជាច្រើន ដុះពទ្ធ័ជុំវិញផ្តល់ម្លប់យ៉ាងត្រជាក់ គ្របពីលើតួប្រាសាទ ដែលស្ថិតនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង ឆ្លងកាត់ជាច្រើនសម័យកាល និងពេលវេលារាប់រយឆ្នាំ បានធ្វើឲ្យតួបា្រសាទទាំងមូល មានសភាពចាស់ទ្រុឌទ្រោមជាខ្លាំង ហើយកំពុងដង្ហើយរកការជួយការពារ និងអភិរក្សជាចាំបាច់។
លោកតាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ និងជាមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង មានតួនាទីនៅចាំថែទាំ និងការពារប្រាសាទព្រៃដើមស្រុកនេះបានឲ្យដឹងថា ប្រាសាទនេះ តែងតែមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ មកបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា ហើយពេលថ្មីៗនេះដែរ ស្រាប់តែមានមនុស្សមួយក្រុម បានចូលមកជីកបំផ្លាញដីទួល នៅខាងមុខប្រាសាទ ដោយមានអាជ្ញាធរភូមិ ឃុំចេញមុខមកការពារ ដោយអះអាងថា «ការជីកយកអាចម៍ដី ទៅចាក់ធ្វើផ្លូវអភិវឌ្ឍមូលដ្ឋាន តែលើសពីនេះម្ចាស់គ្រឿងចាក់ឆ្លៀត ជីកយកអាចម៍ដីលក់ទៅឱ្យប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងដីឡូត៍ជាលក្ខណៈឯកជនទៅវិញ ហើយការជីកនោះគឺគេជីកតាមតែទំនើងចិត្ត ពាលវាលពាសកាលធ្វើ ឲ្យខូចទ្រង់ទ្រាយដើមនៃភូមិសាស្រ្តប្រាសាទ និងប៉ះពាល់ដល់ផ្លូវបុរាណ ដែលនៅខាងមុខប្រាសាទថែមទៀតផង»។
ដោយមើលឃើញសកម្មភាពបែបនេះ ប្រជាពលរដ្ឋ និងមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តព្រៃវែង បានចុះទៅហាមឃាត់ឲ្យបញ្ឈប់ សកម្មភាពជីកយកអាចម៍ដីតទៅទៀត ប៉ុន្តែពេលដែលមន្ត្រីជំនាញចេញផុត គេក៏យកគ្រឿងចក្រទៅដាក់វិញដដែល គ្រាន់តែមិនទាន់ធ្វើសកម្មភាព ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ថា នៅពេលខាងមុខបើគេចរចាគ្នាត្រូវ ក្នុងលក្ខខណ្ឌណាមួយនោះ សកម្មភាពជីកយកអាចម៍ដីនេះ អាចនឹងបន្តកើតមានសារជាថ្មី ដូច្នេះទើបសំណូមពរឲ្យមន្ត្រីជំនាញ និងអាជ្ញាធរខេត្តជួយទប់ស្កាត់រឿងនេះផង បានទាន់ពេលវេលា។
លោក អ៊ុន ហៃ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះថា ចំពោះសម័យកាល រចនាបទប្រាសាទ និងអ្នកកសាងប្រាសាទនោះ មន្ទីរវប្បធម៌ខេត្ត មិនបានដឹងឬស្គាល់នោះទេ ហើយបើដឹងក៏មិនអាចនិយាយបានដែរ គឺទាល់តែខាងបុរាណវិទ្យា របស់ក្រសួងទើបអាចនិយាយបាន។
ដោយឡែកចំពោះរឿង គ្រឿងចក្រចូលធ្វើសកម្មភាពជីកយក អាចម៍ដីក្នុងប្រាសាទនោះ លោកបានចាត់មន្ត្រីជំនាញសហការជាមួយអាជ្ញាធរស្រុក ចុះទៅទប់ស្កាត់ហើយ និងតាមគោលការណ៍ទីតាំងដែលជីករួចហើយ កន្លែងណាដែលប៉ះពាល់តម្រូវឲ្យក្រុមគ្រឿងចក្រនោះ យកដីមកចាក់លុបវិញ ហើយត្រូវជីកស្តារស្រះដែលមានស្រាប់ ឲ្យជ្រៅ ដើម្បីបានទឹកសំរាប់អ្នកស្រុកក្បែរៗនោះប្រើប្រាស់៕