(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចំរុះរបស់ខេត្តបន្ទាយមានជ័យ រួមមានកម្លាំងគយ កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានបើកប្រតិបត្តិការចុះឆែកឃ្លាំង ស្តុកទំនិញចំនួន៩កន្លែង នៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយរកឃើញទំនិញគេចពន្ធរាប់រយកេស និងជាច្រើនតោន។
តែអ្វីកាន់តែហួសចិត្តទៅទៀតនោះ គឺក្នុងចំណោមឃ្លាំងទាំង៩ ដែលកម្លាំងសមត្ថកិច្ចចុះឆែកនោះ មាន២ឃ្លាំង ជារបស់លោក ស៉ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់ក្រុមសមត្ថកិច្ចដែលចុះឆែក និងប្រជាពលរដ្ឋមូលដ្ឋាន ដោយគិតថា មន្រ្តីអនុវត្តច្បាប់តែបែរជាលួចនាំចូលទំនិញ គេចពន្ធមកលក់ទៅវិញ។
មន្រ្តីសមត្ថកិច្ចដែលចូលរួមចុះឆែកឆេរឃ្លាំងស្តុកទំនិញទាំង៩នេះ បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ហើយរាល់ទំនិញដែលគេចពន្ធ ត្រូវបានដកហូតយកទៅរក្សាទុក រង់ចាំមានវិធានការបន្តទៀត។
បើតាមសមត្ថកិច្ចដដែលនេះ ទំនិញដែលគេចពន្ធទាំងនោះ មានដូចជា ទឹកដោះគោ ទឹកសណ្តែក ស្ករគ្រាប់ ថ្នាំមូស ប្រេងខ្យង នំធុង បាកាស ទឹកដោះគោខាប់ ទឹកផ្លែឈើ និងទំនិញប្រភេទទឹកជាច្រើនមុខផ្សេងទៀត៕