(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជូនសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកតាលោសែនជ័យ ប្រមាណជាង១៦០០នាក់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យអូរតាប៉ោង ដែលស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរាបជូបថា នៅក្នុងឆ្នាំសិក្សា២០២២-២០២៣កន្លងទៅ
សិស្សវិទ្យាល័យទូទាំងខេត្តពោធិ៍សាត់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិភូមិ មានចំនួន២,៣៤៧នាក់ ក្នុងចំណោមបេក្ខជនមកប្រឡង មានចំនួន៣,៦៨៦នាក់ ស្មើនិង៦៣,៧៤% ក្នុងនោះសិស្សនិទ្ទេសA=៣៣នាក់ B=១៤៤នាក់ C=៤០៧នាក់ D=៧៨១នាក់ E=៩៨២នាក់។ លទ្ធផលទាំងអស់នេះបានមកពីការខិតខំយកចិត្តទុកដាក់ពីក្រសួងក៏ដូចមន្ទីរអប់រំយុវជន និងកីឡា ខេត្តពោធិ៍សាត់ គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សនិងសិស្សានុសិស្សគ្រប់ៗគ្នាផងដែរ។ ទន្ទឹមនេះផងដែរខេត្តពោធិ៍សាត់ក៏មានការវិវត្តរីកចម្រើនជាដំណាក់កាលៗ លើគ្រប់វិស័យ ទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមការជួយពួនជ្រុំ ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជាពិសេស ក្រោយការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដោយប្រកាន់យកពលរដ្ឋជាម្ចាស់។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានប្រសាសន៍ថា ចក្រភពអង់គ្លេស ជាប្រទេសមួយដែលមានរីកចម្រើនគ្រប់វិស័យ នៅលើពិភពលោក ហើយក៏ជាប្រទេសឈរលំដាប់ ផ្នែកមនុស្សធម៌ និងធនធានមនុស្សផងដែរ។ ហើយអ្វីដែលលេចធ្លោរជាងគេនៅលើពិភពលោកនោះ គឺវិស័យអប់រំ ពិសេសគឺភាសាអង់គ្លេស ដែលគេប្រើជាផ្លូវការ។ លោក កែវ រតន: សូមឱ្យសិស្សានុសិស្សគ្រប់រូប ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពោលគឺជួយខ្លូនឯងជាមុនសិន ត្បិតប្រទេសយើងបាននិងកំពុងបង្កើនការទំនាក់ទំនងល្អគ្រប់វិស័យ ជាមួយបណ្តាប្រទេសជឿនលឿន ដែលជាឱកាសដ៏ល្អ សម្រាប់សិស្សានុសិស្សម្នាក់ៗ ចាប់យកការសិក្សា។

Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានថ្លែងថា អ្វីដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍លើកម្ពុជានោះ ដោយស្រឡាញ់ប្រពៃណី វប្បធម៌ខ្មែរ សាសនា ជាប្រទេសសម្បូរទៅដោយព្រៃ ភ្នំ និងទន្លេបឹង អំណោយផលលើវិស័យកសិកម្ម ឧស្សាកម្ម និងវិស័យទេសចរណ៍។ លោកបានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសអង់គ្លេស មានទំនាក់ទំនងគ្នាជាយូរមកហើយ និងមានចំណងសាមគ្គីយ៉ាងរឹងមាំ។ កន្លងមកប្រទេសអង់គ្លេស តែងបានជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់កម្ពុជា ជាច្រើនអ្នកផងដែរ។

ក្នុងចក្ខុវិស័យរបស់លោក បានសំឡឹងឃើញថាយុវជនកម្ពុជា ពិសេសសិស្សានុសិស្សគ្រប់រូប អាចក្លាយជាពលរដ្ឋល្អ និងជាមេដឹកនាំក្នុងប្រទេសរបស់ខ្លូន។ ដូចនេះហើយគន្លឹះសំខាន់ក្នុងការសម្រេចនូវវត្ថុបំណងរបស់ខ្លូន គឺខិតខំសិក្សា តស៊ូ ឧស្សាហ៍ព្យាយាម គោរពវិន័យ ចាត់ទុកលោកគ្រូ អ្នកគ្រូជាឱពុក ម្តាយ អ្វីជាឧបស័គ្គ គឺជាកម្មវត្ថុដែលត្រូចេះដោះស្រាយសម្រាប់ខ្លូន និងអ្នកជុំវិញខ្លូន។ ត្រូវមានឆន្ទ: និងមនសិការស្រឡាញ់ជាតិ គឺរៀនមិនត្រឹមយកចំណេះ សម្រាប់កសាងអនាគតខ្លូនឯងប៉ុណ្ណោះទេ គឺដើម្បីជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិជារឿងសំខាន់។

លោកបានគូសបញ្ជាក់ថា ប្រទេសអង់គ្លេស និងបន្តទទួលយសិស្សនិសិត្សខ្មែរ ដែលមានចំណេះ និងសត្ថភាពពិតប្រាកដ តាមរយ:ការប្រឡងយកអាហារូបករណ៍ ត្រូវចងចាំថា (ជាអ្វីជាឧបគ្គស័គ្គ គឺជាឱកាសសម្រាប់អ្នកតស៊ូ)៕