(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានរៀបចំកិច្ចប្រជុំពិភាក្សា និងចុះអនុស្សារណៈយោគយល់គ្នា ជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងមន្ត្រីទូតជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំពិភាក្សានេះ សម្តេចព្រះសាកលវិទ្យាធិការ និងលោកស្រីឯកអគ្គរដ្ឋទូត បានឯកភាពលើលក្ខខណ្ឌដែលមានចែងនៅក្នុងអនុស្សារណៈស្តីពីគម្រោង មជ្ឈមណ្ឌលកុំព្យូទ័រ ក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាព និងលទ្ធភាព ផ្តល់ការអប់រំលើវិស័យបច្ចេកវិទ្យាដល់សមណនិស្សិត និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យកាន់តែខ្ពស់ និងសមស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ក៏ដូចជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីលើកកម្ពស់ការសិក្សាផ្នែកបច្ចេកវិទ្យាក្នុងវិស័យអប់រំនៅកម្ពុជាផងដែរ។

ជាងនេះទៅទៀត សម្តេចជាអម្ចាស់ និងលោកស្រី ក៏បានលើកឡើង ពីចំណងមិត្តភាពដ៏ល្អប្រសើររវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងស្ថានទូត រួមទាំងបានបង្ហាញពីឆន្ទៈ ក្នុងការបន្តនៅកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែខ្លាំងឡើងៗ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់សមណនិស្សិត និស្សិត និងប្រជាជាតិទាំងពីរ។

ជាកិច្ចបញ្ចប់ សម្តេចជាអម្ចាស់ និងលោកស្រី រួមទាំងថ្នាក់ដឹកនាំនៃភាគីទាំងពីរបានថតរូបអនុស្សាវរីយ៍ជុំគ្នា និងសំណេះសំណាលគ្នា ក្នុងបរិយាកាសដ៏សែនរីករាយ និងស្នាមញញឹមប្រកបដោយក្តីសង្ឃឹម និងទំនុកចិត្តខ្ពស់៕