(ម៉ូណាកូ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប រដូវកាលឆ្នាំ២០១៥-២០១៦ វ៉ាដាច់គូប្រជែងមិត្តរួមក្រុម Gareth Bale និង Antoine Griezmann របស់ក្លឹប Atletico Madrid។
សារព័ត៌មាន Dailymail បានចេញផ្សាយឲ្យដឹងថា នេះជាលើកទី៣ហើយ សម្រាប់កីឡាករជនជាតិព័រទុយហ្គាល់ វ័យ៣១ឆ្នាំ Ronaldo ដែលកំពុងប្រកបអាជីពក្នុងក្លឹប Real Madrid របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីឈ្នះលើកទី១ ក្នុងឆ្នាំ២០០៨ កាលលេងឲ្យក្លឹប Manchester United របស់អង់គ្លេស និងឆ្នាំ២០១៤ ក្នុងក្លឹប Real Madrid។
កីឡាករលំដាប់លេខ២ របស់ពិភពលោក Ronaldo បានឡើងទទួលពាន UEFA Best Player of Year in Europe នាយប់មិញនេះក្នុងទីក្រុង Monaco ប្រទេសបារាំង នៅពេលដែលសហព័ន្ធបាល់ទាត់ UEFA ធ្វើការចាប់ពូលក្របខណ្ឌកំពូលអឺរ៉ុប Champions League រដូវកាលឆ្នាំ២០១៦-២០១៧។
កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ កម្ពស់ ១,៨៥ម៉ែត្រ Ronaldo ធ្វើបានល្អមែនទែន មុននឹងត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងប្រចាំទ្វីបអឺរ៉ុប ក្រោយរូបគេជួយឲ្យ Real Madrid ឈ្នះពាន Champions League ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ច្រើនជាងគេ ពីការចូលលេងបាន ១២ប្រកួត។
អ្វីដែលពិសេសជាងនេះទៀត Ronaldo បានជួយបំបែកប្រវត្តិសាស្រ្តព័រទុយហ្គាល់ ឈ្នះពានប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅថ្មីៗ បន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះបារាំង ១-០ ក្នុងនាទីបន្ថែម ១៥នាទី ២ដង៕