(កណ្តាល)៖ រដ្ឋបាលស្រុកមុខកំពូល នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំ «មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា(០៧ មករា ១៩៧៩ - ០៧ មករា ២០២៤)» ក្រោមអធិបតីភាព លោក អោង គឹមលាង ប្រធានក្រុមប្រឹក្សាស្រុកមុខកំពូល និងលោកស្រី ហុង សាឡី លោក យី យ៉េន អភិបាលស្រុកមុខកំពូល និងលោកស្រី មាស ណារ៉ា។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅរង្វង់មូលគូថខ្យងត្រើយខាងលិចស្ពានព្រែកតាមាក់ ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមជាកិត្តិយសរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង៣ ជុំវិញស្រុក ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យចំណុះ និងជុំវិញស្រុក លោក លោកស្រី មេឃុំ ក្រុមប្រឹក្សាឃុំ គណៈចលនាឥស្លាមបក្សប្រជាជនកម្ពុជាស្រុក ស្មៀន មេភូមិ ប្រធាន មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព នាយកប៉ុស្តិ៍រដ្ឋបាលទាំង៧ នាយក នាយិកាសាលាគ្រប់កម្រិត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហម លោក លោកស្រី ក្រុមអ្នកអភិវឌ្ឃន៍សហគមន៍(CAF) និងអនុសាខាសមាគមរាជសីហ៍ស្រុក សរុបប្រមាណ ៦០០នាក់។

ក្នុងឱកាសនោះ លោក យី យ៉េន បានឡើងថ្លៃងសុន្ទកថារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជាង២ម៉ឺននាក់ ប្រារព្ធពិធីអបអរសាទរ ខួប ៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជន កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឲ្យប្រជាជាតិខ្មែរ បានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។

សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ក្នុងការស្វះស្វែងដើម្បីដណ្ដើមជីវិតប្រជាជនចេញពីកណ្ដាប់ដៃ ប៉ុល ពត បានអះអាងថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម៕