(កំពង់ធំ)៖ ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុក ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការ និងរួមគ្នាទប់ស្តាត់គ្រឿងញៀនក្នុងមូលដ្ឋានឱ្យបានកាន់តែប្រសើរឡើង។

លោក ងួន រតនៈ ក៏បានស្នើឲ្យប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ពិនិត្យលើរបាយការណ៍នូវចំណុចខ្វះខាតក្នុងរបាយការណ៍ ព្រមទាំងលើកឡើងនូវបញ្ហាផ្សេងៗដែលតែងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ​ប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា អភិបាលក្រុង ស្រុក ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រួមគ្នាខិតខំដោះទំនាស់ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធិភាព ជាពិសេសទប់ស្តាត់បង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន ទប់ស្តាក់ការកាប់ទន្ទ្រានដី និងបង្កើតក្រុមការងារចុះកំណត់ព្រំ​រវាងតំបន់២ តំបន់៣ និងព្រំដីដែលបានកាត់ឆ្វៀលរួចហើយ​ឲ្យបានច្បាស់លាស់។

លោក ងួន រតនៈ បញ្ជាក់បន្ថែមទៀតថា អង្គភាពអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកំពង់ធំ ត្រូវសហការជាមួយមន្ទីរជំនាញ ព្យាយាមឆ្លើយបំភ្លឺបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកំពង់ធំឲ្យបានឆាប់រហ័ស និងសូមប្រធានស្ថានប័នទាំងអស់ ខិតខំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបន្តពង្រឹងស្ថាប័ន អភិវឌ្ឍនស្ថាប័ន គោរពវិន័យការងារ និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលបានខិតខំបំពេញការងារ និងធ្វើការបំពេញក្នុងប្រអប់ដែលនៅសេសសល់៕