(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅកាន់សាលាដំបូងខេត្ត ក្រោយចាប់ខ្លួនបានកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ នៅចំណុចភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថដកហូតបាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន៧ថង់, ម៉ូតូ ចំនួន៣គ្រឿង, ទូរស័ព្ទ ចំនួន៤គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង, កូនថង់កិបសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះ ទី១៖ឈ្មោះ សួ និធិ អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ ខាន់ គឹមហេង ហៅម៉ាប់ អាយុ៣៥ឆ្នាំ, ទី៣៖ឈ្មោះ ជា លាភហេង ហៅ ខ្លែងស្រាក អាយុ២៧ឆ្នាំ, ទី៤៖ឈ្មោះ ខេង រ៉ាដូ ហៅ ពៅ អាយុ៣០ឆ្នាំ និងទី៥៖ឈ្មោះ សៀង សិរី ហៅជួង អាយុ២៩ឆ្នាំ។

លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕