(ក្រចេះ)៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅស្ពានពាមទេរ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងពិធីនេះ ក៏មានការនិមន្តចូលរួមពីព្រះមេគណខេត្តក្រចេះទាំងពីរគណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត លោកតា លោកយាយ អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ សរុបចំនួន២,១៤០អង្គ/នាក់។

តាមរបាយការណ៍លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា បុស្បែក ថ្មីបានសាងសង់ឡើងតាមរចនាបទសម័យចតុមុខ ជាប្រភេទបុស្បុក៥ កម្ពស់ពីខឿនទី១ ដល់កំពូលឆ័ត្ររួច មានកម្ពស់ ២៤,៣ម៉ែត្រ ទ្រដោយសរស្ដម្ភទាំង៤ នៃទិសទាំង៤។ ក្បាច់ចម្លាក់បុស្បុកជាប្រភេទក្បាច់អង្គរ និងឆ្នាំការពារជារចនាបទបន្ទាយស្រី ព្រមទាំងក្បាច់រចនាបទផ្សេងទៀតដែលលម្អបុស្បុក គឺយកតាមលំនាំ ប្រពៃណីខ្មែរ។

រូបសំណាក ព្រះគ្រូធម្មាចារ្យ សង់ឡើងមានកម្ពស់ ២,៧ម៉ែត្រ រូបសំណាក សម្តេចតេជោ កាលនៅពីកុមារ មានកម្ពស់ ១,៦៨ម៉ែត្រ ដែលធ្វើអំពីស្ពាន់សុទ្ធ ដោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលបានចំណាយថវិកាសរុប ៤១០.០០០ដុល្លារអាមេរិក ជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ បច្ចុប្បន្នសមិទ្ធផលថ្មីនេះ កំពុងទាក់ទាញសាធារណជន និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានចូលទៅទស្សនា ថតរូបអនុស្សាវរីយ៍ និងលើក កម្ពស់សោភ័ណ្ឌភាព និងមុខមាត់ខេត្តក្រចេះមួយកម្រិតថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដល់លោកតា លោកយាយ អ៊ំ ពូ មីង យុវជនពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផងដែរ និងសូមចូលរួមអបអរសាទរដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ចំពោះសមិទ្ធផលថ្មី ដែលសម្ពោធថ្ងៃនេះ គឺបុស្បុករូបសំណាក ព្រះគ្រូ ធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលពីកុមារភាព ដែលមានអត្ថន័យដ៏ជ្រាលជ្រៅនេះ។

លោកថា បុស្បុកនេះ បានឆ្លុះបញ្ចាំងពីប្រវត្តិតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាកូនកសិករម្នាក់នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបន្តការសិក្សានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ហើយក្នុងពេលរស់នៅរាជធានីភ្នំពេញ នេះហើយដែលសម្តេចតេជោ ហ៊ុន សែន បានស្នាក់អាស្រ័យ និងទទួលការមើលថែ ផ្គត់ផ្គង់ពី ព្រះគ្រូ ធម្មាចារ្យ គឹម ច្រែង។

លោកបញ្ជាក់ទៀតថា សមិទ្ធផលដែលយើងកំពុងសម្ពោធនាពេលនេះ និងសមិទ្ធផលដទៃទៀត មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាសម្រេចបានដោយលំបាក ក្រោមការថ្នាក់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។

លោកថា លើមូលដ្ឋានគ្រឹះនៃសន្តិភាពនេះ និងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តរីកចម្រើន ដើម្បីប្រជាពលរដ្ឋគ្រប់រូបគ្រប់ជំនាន់ នឹងអាចបន្តទទួលបានប្រយោជន៍ពីសុខសន្តិភាព និងសមិទ្ធផលនៃការអភិវឌ្ឍថ្មីៗ ជាបន្តបន្ទាប់ទៀត៕